(ញូដេលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌា បានរាយការណ៍នៅថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៣០នាក់, រាប់សិបនាក់បាត់ខ្លួន និងរាប់ពាន់នាក់ទៀតត្រូវជម្លៀស ទៅរកទីកន្លែងសុវត្ថិភាព នៅក្នុងរដ្ឋ អាន់ដ្រា ប្រាដែស (Andhra Pradesh) ភាគខាងត្បូងប្រទេស ក្រោយគ្រោះទឹកជំនន់បានកើតមានឡើងភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុក កាលពីសប្តាហ៍មុន។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន BBC នារសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ទឹកជំនន់យ៉ាងឆាប់រហ័សត្រូវបានអាជ្ញាធរឥណ្ឌារាយការណ៍ថា បានជនលិចស្រុកចំនួនបួននៅក្នុងរដ្ឋ Andhra Pradesh ដោយបានបង្កឲ្យមនុស្សស្លាប់ និងបាត់ខ្លួនរាប់រយនាក់ កាលពីចុងសប្តាហ៍មុន។ កងកម្លាំងសង្គ្រោះជាច្រើនក្រុម ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ទាំងឡាយ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួន នៅតែកំពុងតែបន្តទៅមុខ គិតមកទល់នឹងថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា ចរាចរណ៍ផ្លូវដែក និងផ្លូវថ្នល់នៅក្នុងតំបន់ជាច្រើនក្នុងរដ្ឋ Andhra Pradesh ក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងផ្លូវខ្លះត្រូវបានកាត់ផ្តាច់ មិនអាចឲ្យកងកម្លាំងចូលទៅសង្គ្រោះប្រជាជនបាន។ ប្រទេសឥណ្ឌានៅក្នុងឆ្នាំ ២០២១ នេះ ត្រូវបានគេមើលឃើញថា បានរងគ្រោះទឹកជំនន់ និងព្យុះភ្លៀងយ៉ាងខ្លាំងក្លាខុសពីរាល់ឆ្នាំ ដែលកំពុងធ្វើឲ្យអ្នកជំនាញអាកាសធាតុ មានការព្រួយបារម្ភកាន់តែខ្លាំង អំពីគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរឡើងៗ បណ្តាលមកពីការប្រែប្រួលអាកាសធាតុភពផែនដី៕