(ទ្រីប៉ូលី)៖ នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ប្រទេសលីប៊ី គឺលោក អាប់ឌុលហាមីដ អាល់ ឌីបៃបាហ៍ (Abdulhamid al-Dbeibah) ទើបតែបានចុះឈ្មោះជាបេក្ខជន ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សម្រាប់ប្រទេសអាហ្រ្វិកខាងជើងមួយនេះ ដែលគ្រោងនឹងរៀបចំឡើងនាខែធ្នូ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ការបោះឆ្នោតកំពុងគ្រោងរៀបចំ នៅក្រោមច្បាប់មួយដែលចេញដោយប្រធានសភាលីប៊ី លោក អាហ្គីឡា សាឡេះ (Aguila Saleh) កាលពីខែកញ្ញា ឆ្នាំ២០២១នេះ។ យោងតាមច្បាប់នោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំដំបូង ត្រូវបានកំណត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ខាងមុខ ខណៈការបោះឆ្នោតសភា នឹងត្រូវធ្វើឡើងនៅខែមករា ឬខែកុម្ភៈ ឆ្នាំក្រោយ។

យ៉ាងណាមិញ មានមតិមួយចំនួន រួមមានទាំងលោក Dbeibah ផងដែរ បានរិះគន់ចំពោះច្បាប់រៀបចំការបោះឆ្នោតរបស់លោក Saleh ដោយចោទថា វាត្រូវបានអនុម័តទាំងមិនត្រឹមត្រូវ ហើយបានទាមទារឲ្យការបោះឆ្នោតទាំងពីរ ត្រូវពន្យារពេលសិន រហូតទាល់តែមានការព្រមព្រៀងគ្នាច្បាស់លាស់។ ក្រៅពីលោក Dbeibah បុគ្គលមួយចំនួនទៀត ដែលនឹងចូលរួមប្រជែងយកតំណែងប្រធានាធិបតីលីប៊ី រួមមាន លោក សាអ៊ីហ្វ អាល់ អ៊ីស្លាម ហ្គាដាហ្វី (Saif al-Islam Gaddafi) ដែលជាកូនបុ្រសអតីតមេដឹកនាំលីប៊ី មួមម៉ារ ហ្គាដាហ្វី (Muammar Gaddafi), មេបញ្ជាការនៃកងកម្លាំងយោធាភាគខាងកើត លោក ខាលីហ្វា ហាហ្វថា (Khalifa Haftar) ហើយនិងលោក Saleh។

គួរបញ្ជាក់ថា លីប៊ីបានធ្លាក់ក្នុងអស្ថិរភាព ចាប់តាំងតែពីការបះបោរដែលគាំទ្រដោយអង្គការ NATO កាលពីឆ្នាំ២០១១ បានផ្តួលរំលំរបបលោក Gaddafi ហើយប្រទេសនេះបានបែកខ្ញែក ក្នុងចំណោមក្រុមប្រដាប់អាវុធជាច្រើនផ្សេងៗគ្នា។ នៅឆ្នាំ២០១៤ រដ្ឋាភិបាលធំពីរបានលេចឡើង គឺម្នាងមានមូលដ្ឋាននៅភាគខាងលិច និងម្ខាងទៀតនៅភាគខាងកើត។

កាលពីឆ្នាំមុន វេទិកាកិច្ចចរចានយោបាយ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ សម្រេចបាននូវផែនការមេ ដើម្បីឆ្ពោះទៅបញ្ចប់សង្រ្គាមស៉ីវិលនៅលីប៊ី ក្រោយពីយុទ្ធនាការរបស់ក្រុមភាគខាងកើត ដែលសំដៅដណ្តើមកាន់កាប់រដ្ឋធានីទ្រីប៉ូលី នៅភាគខាងលិចបានទទួលបរាជ័យ។ ផែនការនោះ បាននាំឲ្យទៅរកការបង្កើតរដ្ឋាភិបាលរួមបណ្តោះអាសន្នសព្វថ្ងៃ របស់លោក Dbeibah ហើយបានទាមទារឲ្យមានការបោះឆ្នោតសភា និងការបោះឆ្នោតប្រធានាធិបតី តាមបែបលទ្ធិប្រជាធិបតេយ្យ៕