(ញូយ៉ក)៖ ខណៈករណីឆ្លងជំងឺ COVID-19 នៅតែបន្តកើនឡើងយ៉ាងគំហុក នៅទូទាំងសហរដ្ឋអាមេរិក ការជជែកវែកញែកអំពីការដាក់ចេញឱ្យមាន «កាតព្វកិច្ច» ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅតែបន្តកើតឡើង ដែលជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយ ខណៈជនជាតិអាមេរិក កំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យ Thanksgiving នៅសប្តាហ៍នេះ ដែលជាពេលក្រុមគ្រួសារទាំងឡាយ ត្រូវជួបជុំគ្នាតាមប្រពៃណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ការដាក់ចេញឱ្យមានកាតព្វកិច្ចចាក់វ៉ាក់សាំង បានធ្វើឱ្យមានការបញ្ចេញប្រតិកម្មផ្សេងៗគ្នា ពីសំណាក់នាយកប្រតិបត្តិក្រុមហ៊ុននីមួយៗ ដោយអ្នកខ្លះបាននិយាយថា ពួកគេស្វាគមន៍ចំពោះច្បាប់ថ្មីនេះ ដោយសារពួកគេបានដកការទទួលខុសត្រូវរបស់ក្រុមហ៊ុន ទៅជាការទទួលខុសត្រូវផ្ទាល់ខ្លួនវិញ។ អ្នកផ្សេងទៀតបាននិយាយថា កាតព្វកិច្ចចាក់វ៉ាក់សាំងនេះ បានរុញច្រានក្រុមនិយោជក ទៅក្នុងបញ្ហាឈ្លោះប្រកែកគ្នា ដ៏ធំជាមួយបុគ្គលិកពួកគេ។

គួរបញ្ជាក់ថា នៅក្រោមច្បាប់ថ្មីរបស់លោក ចូ បៃដិន និយោជកដែលមានបុគ្គលិកចាប់ពី ១០០នាក់ឡើងទៅ ត្រូវតែធានាថា បុគ្គលិករបស់ខ្លួនបានទទួលការចាក់វ៉ាក់សាំង «ពេញលេញ» ឬធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 យ៉ាងហោចណាស់ជារៀងរាល់សប្តាហ៍ ហើយត្រូវពាក់ម៉ាស់នៅកន្លែងធ្វើការ។ ប៉ុន្តែការអនុវត្តច្បាប់ថ្មីនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយតុលាការឧទ្ធរណ៍សហព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្លូវច្បាប់។

សហរដ្ឋអាមេរិកដែលពីដើមឡើយ ត្រូវបានគេមើលឃើញថា មានការនាំមុខគេលើពិភពលោក ចំពោះអត្រាចាក់វ៉ាក់សាំងបង្ការ COVID-19 បែរជាបានដើរក្រោយគេកាន់ច្រើនទៅវិញ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈអ្នកចាក់វ៉ាក់សាំងពេញលេញ ក្នុងចំណោមប្រជាជនសរុបជាង ៣៣០លាន នៅទូទាំងសហរដ្ឋអាមេរិក សម្រេចបានមិនទាន់ដល់ ៦០% នៅឡើយទេ៕