(សិង្ហបុរី)៖ ឆ្នាំ២០២០ ត្រូវបានមនុស្សភាគច្រើនយល់ថាជាទីបញ្ចប់របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានបាត់បង់ស្ទើរតែគ្រប់យ៉ាង ក្រោយបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតី ដោយសូម្បីតែគណនី Facebook និង Twitter របស់លោកក៏ត្រូវបានគេព្យួរចោលផងដែរ បន្ទាប់ពីរងការចោទប្រកាន់ថា បានញុះញង់ឱ្យក្រុមអ្នកគំាទ្រ វាយប្រហារលើវិមានសភា កាលពីខែមករា ដើមឆ្នាំ២០២១កន្លងទៅនេះ ដែលបណ្ដាលឱ្យមនុស្ស ៥នាក់ស្លាប់។

ប៉ុន្តែ ឈ្មោះដូណាល់ ត្រាំ មិនបានរលាយបាត់ទៅណាពីសង្គមអាមេរិកឡើយ ស្របពេលរូបលោកត្រូវបានគេមើលឃើញថានៅតែជាបេក្ខជនឈានមុខគេម្នាក់ សម្រាប់ ការបោះឆ្នោតបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ លោក ត្រាំ មិនទាន់បានប្រកាសជាផ្លូវការថាតើលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្ដងទៀតដែរ ឬក៏យ៉ាងណានោះទេ ប៉ុន្តែព្រមពេលជាមួយគ្នាមានសំណួរមួយបានលេច ឡើង នោះគឺថាតើហេតុអ្វីបានជាលោក ដូណាល់ ត្រាំ នៅតែមានឥទ្ធិពលខ្លាំងនៅក្នុងសង្គមអាមេរិក?

*ប្រជាជនអាមេរិកមានអារម្មណ៍ថារងការគំរាមកំហែង

ការផ្លាស់ប្ដូរសង្គម និងនយោបាយ បើទោះជាវាផ្ដល់ភាពល្អប្រសើរច្រើនក៏ដោយ ប៉ុន្តែប្រជាជនអាមេរិកមួយចំនួននៅតែមានអារម្មណ៍ថារងការគំរាមកំហែងដដែល។ តួយ៉ាង ប្រជាជនអាមេរិកស្បែកស ត្រូវបានគេបា្រប់ថាពួកគេនឹងក្លាយជាជនជាតិភាគតិចឆាប់ៗនេះ នៅចំពោះមុខការផ្លាស់សង្គមអាមេរិកសព្វថ្ងៃ ខណៈការផ្លាស់ប្ដូរនយោបាយក៏ធ្វើឱ្យពួកគេមានអារម្មណ៍ថារងការគំរាមកំហែងផងដែរ។ រាប់ចាប់ពីការលេចត្រដែតឡើងនៃឥទ្ធិពលចិន, អសន្តិសុខសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ រហូតដល់ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន សុទ្ធតែជាបញ្ហាដែលធ្វើឱ្យប្រជាជនអាមេរិក ចាប់ផ្ដើមមើលឃើញថាយុគសម័យគ្រប់គ្រងពិភពលោករបស់ សហរដ្ឋអាមេរិក កំពុងរួញតូចបនិ្តចម្ដងៗ ហើយដែលទាំងនេះបង្កើតបានជា «គំនិតទុទ្ទិដ្ឋិ និយម» ពីអនាគតរបស់ពួកគេ។

ជោគជ័យមួយរបស់លោក ដូណាល់ ត្រាំ គឺលោកពូកែចាក់ចំ ចំណុចរសើប និងអ្វីដែលប្រជាជនអាមេរិកកំពុងត្រូវការ។ ជាឧទាហរណ៍គឺពាក្យស្លោក «ធ្វើឱ្យអាមេរិក អស្ចារ្យម្ដងទៀត ឬ «Make America Great Again» ដែលបង្ហាញថាលោកមើលឃើញប្រយោជន៍ជាតិ និងប្រជាជនអាមេរិកជាធំ នៅតែមានប្រជាប្រិយភាពនៅក្នុង ចំណោមប្រជាជនអាមេរិក ជាពិសេសអ្នកគាំទ្ររបស់លោក ត្រាំ ដែលតែងតែមើលឃើញថាលោក ត្រាំ នៅតែមានឱកាសត្រឡប់មកវិញ ហើយអាចដោះស្រាយបញ្ហា ប្រឈមនានា។

ពិតមែនទៅ, រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនទាន់អាចដោះស្រាយនូវកង្វល់ដែលក្រុមអ្នកគាំទ្រលោក ត្រាំ បានលើកឡើងនោះទេ ដោយ COVID-19 នៅតែបន្តឆ្លងរាតត្បាតនៅក្នុងសង្គមអាមេរិក ហើយសម្រាប់ក្រុមអ្នកគាំទ្ររបស់លោក ត្រាំ វ៉ាក់សាំងបង្ការសព្វថ្ងៃដែលអាមេរិកមាន ក៏មានចំណែករបស់ អតីតប្រធានាធិបតីអាមេរិករូបនេះដែរ។

*ធ្វើឱ្យគេមើលឃើញខ្លួនឯងជាវីរបុរស

សមត្ថភាពដ៏ពូកែមួយរបស់លោក ដូណាល់ ត្រាំ នោះគឺការឆ្លៀតកេងចំណេញពីបញ្ហា។ នេះក៏ជាហេតុផលមួយធ្វើឱ្យលោក ត្រាំ នៅតែមានឥទ្ធិពលខ្លាំងនៅក្នុងសង្គម អាមេរិក បន្ថែមពីលើភាពប៉ិនប្រសប់ក្នុងការនិយាយកុហក និងកេងចំណេញពី «នយោបាយប្រជានិយមរបស់លោក»។ ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅឆ្នាំ២០១៦, លោក ត្រាំ បានធ្វើព្យាយាមបង្ហាញឱ្យមនុស្សគ្រប់គ្នាមើលឃើញលើថាជា «វីរបុរស» ទោះជាត្រូវនិយាយកុហកក៏ដោយ។

បើតាមកាសែត Washington Post អំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកុហក ឬបង្កឱ្យមានការយល់ច្រឡំរហូតដល់ ៣០,៥៧៣លើក ហើយដែលការកុហកនេះបានក្លាយជាការឃោសនាដ៏មានប្រសិទ្ធភាព រហូតដល់ធ្វើឱ្យអ្នកគាំទ្រគណបក្សសាធារណរដ្ឋភាគច្រើនជឿជាក់ថាការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០ ត្រូវបានលួចបន្លំដូចដែលលោក ត្រាំ ធ្លាប់លើកឡើង ឬដែលលោកផ្ទាល់ដាក់ឈ្មោះឱ្យថា «The Big Lie» ដែលជាការឃោសនាមួយថាអាណត្តិទី២ ជាប្រធានាធិបតីរបស់លោកត្រូវបានគេលួចយកទៅបាត់។

ការស្ទង់មតិមួយកាលពីពេលថ្មីៗនេះរបស់វិទ្យាស្ថាន Brookings និងវិទ្យាស្ថានសិក្សាស្រាវជ្រាវសាសនាសាធារណៈ (Public Religion Research Institute) បានបង្ហាញថាអ្នកគាំទ្រគណបក្សសាធាណរដ្ឋ ៦៨ភាគរយ ជឿជាក់លើ «The Big Lie» របស់លោក ដូណាល់ ត្រាំ ហើយអ្នកដែលជឿលើការឃោសនានេះយល់ថា លោក ត្រាំ គឺជាប្រធានាធិបតីស្របច្បាប់របស់សហរដ្ឋអាមេរិក។

ម្លោះហើយ ដរាបណា នយោបាយប្រជានិយម (populism) នៅតែចាក់ឫសក្នុងសង្គមអាមេរិក ហើយលោក ដូណាល់ ត្រាំ និងក្រុមអ្នកគាំទ្ររបស់លោកនៅតែអាចកេងចំណេញការឃោសនានយោបាយនៅលើបណ្ដាញទំនាក់ទំនងសង្គម នោះលោក ត្រាំ នឹងនៅតែបន្តមានឥទ្ធិពលលើនយោបាយ និងសង្គមអាមេរិក៕

ប្រភព៖ CNA (ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១)