(ជីវក្វាន់)៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបមួយគ្រឿង ដែលមានតួនាទីអង្កេតភពផែនដី ចេញពីមូលដ្ឋានបាញ់បង្ហោះផ្កាយរណប ជីវក្វាន់ (Jiuquan) ស្ថិតនៅភាគពាយ័ព្យនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ផ្កាយរណបខាងលើនេះមានឈ្មោះថា កៅហ្វិន-៣ 02 (Gaofen-3 02) ត្រូវបានគ្រាប់រ៉ុក្កែតឈ្មោះ Long March-4C ពាំឡើងទៅទីអវកាស កាលពីពេលវេលាម៉ោង ៧៖៤៥នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងទីក្រុងប៉េកាំង) ដោយពេលនេះបានឡើងទៅដល់គន្លងតារាវិថី ប្រកបដោយជោគជ័យហើយ។

គួរបញ្ជាក់ថា ផ្កាយរណប Gaofen-3 02 នឹងគោចរក្នុងរយៈកម្ពស់ ៧៥៥គីឡូម៉ែត្រពីផ្ទៃផែនដី ហើយវានឹងត្រូវផ្សាភ្ជាប់ប្រតិបត្តិការ ជាមួយផ្កាយរណបមួយគ្រឿងមុន ដែលទើបត្រូវបានបាញ់បង្ហោះផងដែរ គឺ Gaofen-3 ដើម្បីបង្កើតចេញជាបណ្តាញផ្កាយរណបអង្កេតផ្ទៃដី និងមហាសមុទ្រ។

អាជ្ញាធរអវកាសចិនបានគូសបញ្ជាក់ថាទៀតថា បណ្តាញផ្កាយរណបខាងលើនេះ នឹងមានតួនាទីក្នុងការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពរបស់ចិនក្នុងក្នុងការ តាមដានផ្នែកនាវាចរណ៍, ការសង្គ្រោះបន្ទាន់តាមដែនសមុទ្រ ព្រមទាំងការអង្កេតបរិស្ថានធម្មជាតិលើដី និងផ្ទៃសមុទ្រផងដែរ៕