(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៤,១៥៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៨,៧៤៨,៥៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៩៤,៨៦៤នាក់ និងជាសះស្បើយឡើងសរុប ៣៨.៦៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក (CDC) បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា អត្រាឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ ១៨% នៅក្នុងរយៈពេល មួយសប្តាហ៍កន្លងទៅនេះ ជាមួយនឹងចំនួនអ្នកឆ្លងជាមធ្យមជាង ៩២,០០០នាក់ក្នុងមួយថ្ងៃ ខណៈអត្រាស្លាប់វិញ ក៏មានកម្រិតខ្ពស់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៥៣លានដូស ក្នុងនោះប្រជាជន ២៣០.៧២លាននាក់ (៧០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៥លាននាក់ (៥៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៣៦លាននាក់ (១០.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕