(រ៉ាម៉ាល់ឡា)៖ ប្រមុខបេសកកម្ម និងអ្នកតំណាងសហភាពអឺរ៉ុប (EU) និងបណ្តាប្រទេសជាច្រើន នៅថ្ងៃចន្ទសប្ដាហ៍នេះបានបញ្ជាក់ពីការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ វែសត៍ ប៊ែង (West Bank)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA អ្នកការទូតសហភាពអឺរ៉ុបបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ជាច្រើននៅតំបន់ West Bank និងតំបន់ក្បែរទីក្រុង ហ្សេរុយសាឡឹមខាងកើត (East Jerusalem) បន្ទាប់ពីការប្រកាសជំរុញផែនការពង្រីកការតាំងលំនៅនៅតំបន់នោះ នាពេលថ្មីៗនេះ ដោយរដ្ឋាភិបាលអ៊ីស្រាអែល។

របាយការណ៍ខាងលើ បានឱ្យដឹងថា «ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលអ៊ីស្រាអែល Ir Amim ដែលបានពន្យល់ប្រាប់អ្នកការទូត អំពីផលវិបាកដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងនៃផែនការពង្រីកការតាំងទីលំនៅនៅតំបន់ Givat Hamatos, Har Homa, E1 និង Qalandia/Atarot»

ក្នុងពេលបំពេញដំណើរទស្សនកិច្ចនេះ អ្នកការទូតខាងលើត្រូវបានដកស្រង់សម្តីដោយលើកឡើងដែរថា «ការពង្រីកការតាំងទីលំនៅ គឺរំលោភបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តក្នុងការកសាងទំនុកចិត្តឡើងវិញរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយបានបន្ថែមថា ប្រទេសរបស់ពួកគេ នឹងមិនទទួលស្គាល់ការផ្លាស់ប្តូរណាមួយចំពោះព្រំដែនមុនឆ្នាំ១៩៦៧ នោះទេ រួមទាំងព្រំដែនដែលទាក់ទងនឹងទីក្រុង Jerusalem ផងដែរ»

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ ការិយាល័យអ្នកតំណាងសហភាពអឺរ៉ុបប្រចាំតំបន់ West Bank និងតំបន់ ហ្កាហ្សា ស្រ្ទីព (Gaza Strip) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ដែលក្នុងនោះវាបានដកស្រង់សម្តីអ្នកតំណាងសហភាពអឺរ៉ុបប្រចាំប៉ាឡេស្ទីន លោក Sven Kuhn von Burgsdorff ថា «ការអនុម័តនាពេល ថ្មីៗនេះ នៃលំនៅឋានរាប់ពាន់ខ្នងសម្រាប់ការតាំងទីលំនៅរបស់អ៊ីស្រាអែល គឺមានគោលបំណងផ្តាច់ប្រជាជនប៉ាឡេស្ទីន ចេញពីទីក្រុងរបស់ពួកគេ និងផ្លាស់ប្តូរ អត្តសញ្ញាណរបស់ទីក្រុង East Jerusalem»

លោក Sven Kuhn von Burgsdorff បន្ថែមថា «ការតាំងទីលំនៅរបស់អ៊ីស្រាអែល គឺបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងជាឧបសគ្គចម្បងចំពោះសន្តិភាព ដ៏ទូលំទូលាយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន»