(ញូយ៉ក)៖ វេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី (Anthony Fauci) អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺនៅសហរដ្ឋអាមេរិក បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា ភាគច្រើននៃប្រជាជនអាមេរិក ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ ពួកគេគួរតែប្រញាប់ប្រញាល់ទៅទទួលការចាក់ «ដូសជំរុញ» បន្ថែមទៀត ហើយដូសជំរុញនេះ អាចនឹងក្លាយជាស្តង់ដារថ្មីសម្រាប់ប្រទេសនេះ ក្នុងការកំណត់អំពីអ្នកដែលបានចាក់វ៉ាក់សាំង «ពេញលេញ»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Fauci និងអ្នកជំនាញផ្នែកជំងឺផ្សេងទៀតបាននិយាយថា ពួកគេរំពឹងថាជំងឺ COVID-19 នឹងមានផ្លាស់ប្តូរនៅនិទាឃរដូវខាងមុខនេះ ពីកម្រិតនៃជំងឺរាតត្បាតសកល នៅសហរដ្ឋអាមេរិកទៅជាជំងឺឆ្លងធម្មតា ដែលប្រការនេះមានន័យថា មេរោគនេះនឹងបន្តរាតត្បាតក្នុងកម្រិតទាប និងទំហំតូចដែលមិនសូវមានការរំខាន ប៉ុន្តែវានឹងនៅតែមានការផ្ទុះឡើងរប៉េះរប៉ោះ ក្នុងប៉ុន្មានឆ្នាំខាងមុខ។

បើតាមលោក Fauci, យោងតាមការសិក្សានៅប្រទេសអ៊ីស្រាអែល និងបណ្តាប្រទេសមួយចំនួនទៀតបានបង្ហាញថា ការការពាររបស់វ៉ាក់សាំង នឹងថយចុះទៅតាមពេលវេលា។ ខណៈដែលទិន្នន័យដំបូងបានឲ្យយើងដឹងថា ភាគច្រើនបញ្ហានេះបានកើតឡើងចំពោះមនុស្សចាស់នោះ មានភស្តុតាងថ្មីជាងនេះដែលបង្ហាញថា វាកើតឡើងក្នុងចំណោមក្រុមអាយុទាំងអស់ មិនថាក្មេង ឬចាស់នោះឡើយ។ ហេតុដូច្នេះទើបលោក Fauci អំពាវនាវឲ្យប្រជាជននានា រួសរាន់ទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ នៅពេលពួកគេគ្រប់លក្ខខណ្ឌ។

គួរបញ្ជាក់ថា ការជំរុញរបស់អ្នកជំនាញសុខភាពអាមេរិកខាងលើនេះ បានកើតមានឡើង ចំពេលដែលការព្រួយបារម្ភកាន់តែរីកធំឡើងៗ ចំពោះលទ្ធភាពនៃការផ្ទុះករណីឆ្លង និងស្លាប់ដោយសារ COVID-19 កាន់តែខ្លាំង ដោយសារតែរដូវរងា និងពិធីជួបជុំធំៗ ជាពិសេសគឺបុណ្យប្រពៃណី Thanksgiving របស់អាមេរិកនោះតែម្តង។ គិតត្រឹមពេលនេះ ពលរដ្ឋអាមេរិក ១៩៥លាននាក់ (៥៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ដោយក្នុងនោះ ៣៦លាននាក់ បានចាក់ដូសជំរុញ៕