(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា មនុស្សប្រហែល ៧០០,០០០នាក់បន្ថែមទៀតអាចស្លាប់ដោយសារជំងឺ COVID-19 នៅទ្វីបអឺរ៉ុប គិតត្រឹមខែមីនា ឆ្នាំ២០២២ខាងមុខនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង ២.២លាននាក់ ខណៈខ្លួនបាន និងកំពុងជំរុញឱ្យមនុស្សទៅទទួលការចាក់វ៉ាក់សាំង ក៏ដូចជាការចាក់វ៉ាក់សាំងដូសជំរុញផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមអង្គការ WHO ចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 នៅក្នុងប្រទេសចំនួន ៥៣ នៃទ្វីបអឺរ៉ុប ដែលរួមបញ្ចូលទាំងប្រទេសរុស្ស៊ី និងអតីតសាធារណរដ្ឋសូវៀតដទៃៗទៀត ក៏ដូចជាប្រទេសតួកគីផងដែរ បានកើនឡើងលើស ១.៥លាននាក់រួចទៅហើយ ជាមួយនឹងអត្រាការស្លាប់ប្រចាំថ្ងៃកើនឡើងទ្វេដង ចាប់ពីចុងខែកញ្ញាកន្លងទៅនេះ រហូតដល់ ៤,២០០នាក់ក្នុងមួយថ្ងៃ។

WHO បានឲ្យដឹងទៀតថា «ការស្លាប់ដែលត្រូវបានរាយការណ៍ ជាបន្តបន្ទាប់ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ជាង ២.២លាននាក់នៅនិទាឃរដូវ ឆ្នាំ២០២២ខាងមុខនេះ ដោយផ្អែកលើនិន្នាការបច្ចុប្បន្ន»។ ផ្នែកជួយសង្គ្រោះបន្ទាន់ (ICU) ត្រូវបានគេរំពឹងថា នឹងមានភាពតានតឹងខ្ពស់នៅក្នុងប្រទេសចំនួន ៤៩ ក្នុងចំណោមប្រទេស ៥៣ ខាងលើ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ ប្រទេសបារាំង អេស្ប៉ាញ និងហុងគ្រី គឺជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសទាំងនោះ។

WHO បានបន្ថែមថា ភាគច្រើននៃអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង ក៏ដូចជា «ការថយចុះនៃការការពាររបស់វ៉ាក់សាំង» គឺជាកត្តាជំរុញឱ្យមានការឆ្លងខ្ពស់ នៅទូទាំងទ្វីបអឺរ៉ុប រួមជាមួយនឹងឥទ្ធិពលនៃវីរុសបំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងការបន្ធូរបន្ថយវិធានការរក្សាអនាម័យជាដើម។ ជុំវិញបញ្ហានេះ នាយកអង្គការ WHO លោក ហាន ក្លាហ្គ (Hans Kluge) បានជំរុញឱ្យមនុស្សទៅទទួលការចាក់វ៉ាក់សាំង ក៏ដូចជាការចាក់វ៉ាក់សាំងដូសជំរុញផងដែរ ប្រសិនបើត្រូវបានផ្តល់ជូន៕