(ស្កុកខុល)៖ សភានៃប្រទេសស៊ុយអែត នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបោះឆ្នោតតែងតាំងលោកស្រី ម៉ាកដាឡេណា អាន់ឌឺសុន (Magdalena Andersson) ជានាយករដ្ឋមន្ត្រីថ្មី ក្នុងនាមជាស្ត្រីដំបូងគេបំផុតដែលបានកាន់តំណែងកំពូលនេះនៅក្នុងប្រវត្តិសាស្ត្រស៊ុយអែត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ការបោះឆ្នោតតែងតាំងលោកស្រី Magdalena Andersson នៅឯសភាស៊ុយអែត ដោយលោកស្រីទទួលបានសំឡេងគាំទ្រពីសមាជិកសភា ១១៧នាក់ ខណៈ១៧៤នាក់ បោះឆ្នោតជំទាស់ និង៥៧នាក់បោះឆ្នោតអនុប្បវាទ ហើយសមាជិកសភាម្នាក់អវត្តមាន។

សំឡេងជំទាស់ទាំងអស់សុទ្ធតែជាសមាជិកសភាមកពីគណបក្សប្រឆាំង ប៉ុន្តែ នៅក្រោមរដ្ឋធម្មនុញ្ញស៊ុយអែត នាយករដ្ឋមន្ត្រីម្នាក់អាចត្រូវបានតែងតាំង និងដឹកនាំរដ្ឋាភិបាល ដរាបណាសមាជិកសភាយ៉ាងតិច ១៧៥នាក់ ក្នុងចំណោមសមាជិកសភា សរុប ៣៤៩នាក់ មិនបោះឆ្នោតប្រឆាំងនឹងការតែងតាំងនេះ។

គួរបញ្ជាក់ថា លោកស្រី Magdalena Andersson ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ស៊ុយអែត ជំនួសលោក Stefan Lofven ដែលបានលាលែងចេញពីតំណែង កាលពីដើមឆ្នាំ២០២១នេះ ហើយការបោះឆ្នោតសកលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ៕