(អាមេរិក)៖ ទីបំផុតបេសកកម្ម DART របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានចេញដំណើរផ្ទៃផែនដីហើយ នៅក្នុងផ្នែកនៃកិច្ចប្រឹងប្រែង ត្រៀមលក្ខណៈការពារភពរបស់យើង ពីអាចម៍ផ្កាយណាមួយ ដែលអាចបង្កគ្រោះថ្នាក់នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

យានអវកាស DART ត្រូវបានបាញ់បង្ហោះ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅភាគខាងលិចសហរដ្ឋអាមេរិក) ចេញពីមូលដ្ឋានទ័ពអវកាស វ៉ានដិនបឺក (Vandenberg) ក្នុងរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX។ នាពេលនេះ វាកំពុងចាប់ផ្តើម ការធ្វើដំណើររយៈពេលប្រមាណជា ១០ខែរបស់វា ដើម្បីឆ្ពោះទៅកាន់អាចម៍ផ្កាយជាគោលដៅ ដែលស្ថិតនៅចម្ងាយខ្ទង់ ១១លានគីឡូម៉ែត្រពីផែនដី។

គោលដៅរបស់ DART គឺជាអាចម៍ឈ្មោះថា ឌីម័រហ្វូស (Dimorphos) ដែលមានមានអង្កត់ផ្ចិត ១៦០ម៉ែត្រ ហើយគោចរជុំវិញអាចម៍ផ្កាយមួយទៀតឈ្មោះថា ឌីឌីម៉ូស (Didymos) ដែលធំជាងវាប្រហែល ៥ដង។ អាចម៍ផ្កាយទាំងពីរ មិនបង្កការគំរាមកំហែងដល់ផែនដីទេ ប៉ុន្តែត្រូវបានជ្រើសរើសសម្រាប់ការសាកល្បងនេះ ដោយសារពួកវានៅមិនសូវឆ្ងាយខ្លាំងពីផែនដី និងដោយសារតែប្រព័ន្ធអាចម៍ផ្កាយភ្លោះបែបនេះ ងាយស្រួលក្នុងការតាមដានលទ្ធផលនៃការធ្វើតេស្ត។

យាន DART ត្រូវគេរំពឹងថា នឹងទៅដល់គោលដៅនៅចន្លោះខែកញ្ញា-តុលា ឆ្នាំ២០២២ ហើយវានឹងត្រូវបំបុកខ្លួនជាមួយអាចម៍ផ្កាយ Dimorphos ក្នុងល្បឿន ២៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ក្រោមគោលបំណងផ្លាស់ប្តូរគន្លងគោចររបស់ Dimorphos នៅជុំវិញ Didymos។

ការធ្វើតេស្តនេះត្រូវបានរចនាឡើង ដើម្បីជួយក្រុមអ្នកវិទ្យាសាស្រ្តស្វែងយល់ថា តើត្រូវការកម្លាំងច្រើនកម្រិតណា ដើម្បីអាចរុញច្រានអាចម៍ផ្កាយមួយ ឲ្យងាកចេញពីគន្លងគោចរដើមរបស់វា ក្នុងករណីដែលនៅថ្ងៃណាមួយ ភពរបស់យើងត្រូវពួកវាសំដៅមកចំ៕