(ញូដេលី)៖ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា នៅថ្ងៃពុធនេះបានលើកឡើងពីការធ្លាក់ចុះ នៃការធ្វើតេស្តរកជំងឺ COVID-19 ប្រចាំសប្តាហ៍ និងបានណែនាំដល់រដ្ឋជាច្រើន ឱ្យបង្កើនការធ្វើតេស្តរកជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លិខិតពីរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌា លោក រ៉ាចេស ពូសាន (Rajesh Bhushan) ផ្ញើទៅកាន់រដ្ឋនានាបានគូសបញ្ជាក់ថា «ខណៈពេលដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៃករណីឆ្លងថ្មីៗប្រចាំថ្ងៃ ដែលជាមធ្យមមានជាង ១០,០០០ករណី ត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍នេះ ក្រសួងក៏បានសង្កេតឃើញថា មានការធ្លាក់ចុះនៃការធ្វើតេស្តប្រចាំសប្តាហ៍ផងដែរ»

លិខិតខាងលើនេះ បានបន្ថែមទៀតថា កម្រិតនៃការធ្វើតេស្តមិនគ្រប់គ្រាន់ វាពិតជាពិបាកណាស់ក្នុងការកំណត់ចំនួនពិតប្រាកដ នៃការឆ្លងរីរាតត្បាតជំងឺ COVID-19 នេះ។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលសហព័ន្ធឥណ្ឌាបានស្នើដល់រដ្ឋបាលតាមរដ្ឋនានា ឱ្យរក្សាការធ្វើតេស្តនៅក្នុងកម្រិតខ្ពស់ ដោយពិចារណាលើការកើនឡើងវិញ នៃការធ្វើដំណើរសម្រាប់ពិធីមង្គលការ ពិធីបុណ្យ និងវិស្សមកាល ក៏ដូចជាបានណែនាំដល់រដ្ឋនានា ឱ្យរក្សាការឃ្លាំមើលចង្កោមឆ្លងរាតត្បាតនៃជំងឺនេះ ដើម្បីកំណត់អត្តសញ្ញាណ និងទប់ស្កាត់ឱ្យបានឆាប់រហ័សផងដែរ៕