(កាឡេស)៖ យ៉ាងហោចណាស់ ជនអន្តោប្រវេសន៍ ២៧នាក់ ដែលបានព្យាយាមធ្វើដំណើរពីប្រទេសបារាំង ចូលទៅកាន់ទឹកដីអង់គ្លេស បានស្លាប់នៅថ្ងៃពុធសប្ដាហ៍នេះ នៅពេលទូករបស់ពួកគេលិច នៅជិតតំបន់ឆ្នេរសមុទ្រភាគខាងជើងប្រទេសបារាំង ដែលជាសោកនាដកម្មដ៏ធំមួយ ចាប់តាំងពីបណ្ដាញផ្លូវទឹក បានក្លាយជាមធ្យោបាយសម្រាប់ការឆ្លងកាត់ដោយសម្ងាត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុង កាឡេស (Calais) ថា ទូករបស់ពួកគេ បានលិចនៅទីក្រុងកំពង់ផែ Calais ភាគខាងជើងប្រទេសបារាំង។ មានតែអ្នកនៅរស់រានមានជីវិតចំនួន ០២នាក់ប៉ុណ្ណោះដែលត្រូវបានគេរកឃើញ ហើយជីវិតរបស់ពួកគេទាំងពីរ ក៏កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ។ លោក Gerald Darmanin បានបន្ថែមថា ស្ត្រីចំនួន ០៥នាក់ និងក្មេងស្រីតូចម្នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈអភិបាលក្រុង Calais លោកស្រី ណាតាស្យា ប៊ូហ្សាត (Natacha Bouchart) បាននិយាយថា ស្ត្រីមានផ្ទៃពោះម្នាក់ ក៏ស្ថិតក្នុងចំណោមជនរងគ្រោះផងដែរ។

សោដនាកម្មនេះ បានបណ្តាលឱ្យមានចំនួនអ្នកស្លាប់ខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលជនអន្តោប្រវេសន៍បានចាប់ផ្តើម ប្រើប្រាស់ទូកធំៗរបស់ពួកគេ ដើម្បីធ្វើដំណើរតាមផ្លូវទឹក។ វាកើតឡើងនៅពេលដែលភាពតានតឹង បានកើនឡើងរវាងទីក្រុងឡុងដ៍ និងប៉ារីស ជុំវិញបញ្ហាចរាចរណ៍តាមផ្លូវទឹក និងច្បាប់នេសាទជាដើម។

ជុំវិញបញ្ហានេះ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានប្តេជ្ញាថា ប្រទេសបារាំងនឹងមិនអនុញ្ញាតឱ្យបណ្ដាញផ្លូវទឹកក្លាយជា «ទីបញ្ចុះសព» នោះទេ ហើយថែមទាំងបាននិយាយទៅកាន់នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ឱ្យយល់ព្រមលើការបង្កើនកិច្ចខិតខំប្រឹងប្រែង និងចាត់វិធានការយ៉ាងតឹងរ៉ឹងជាងនេះ ដើម្បីទប់ស្កាត់ការកើនឡើង នៃការឆ្លងកាត់របស់ជនអន្តោប្រវេសន៍។

បើតាមអាជ្ញាធរបារាំង មនុស្សយ៉ាងហោចណាស់ ៣១,៥០០នាក់ បានព្យាយាមចាកចេញពីប្រទេសបារាំង ទៅកាន់ចក្រភពអង់គ្លេស ចាប់តាំងពីដើមឆ្នាំ ២០២១ មកម្ល៉េះ ហើយមនុស្ស ៧,៨០០នាក់ ត្រូវបានជួយសង្គ្រោះនៅឯសមុទ្រ ក្រោយការធ្វើដំណើររបស់ពួកគេជួបគ្រោះថ្នាក់ ហើយតួលេខបានកើនឡើងទ្វេដង គិតចាប់តាំងពីខែសីហា៕