(តៃប៉ិ)៖ កោះតៃវ៉ាន់នឹងត្រូវទទួលស្វាគមន៍ដំណើរទស្សនកិច្ច នៃក្រុមសមាជិកសភាលីទុយអានី និងប្រទេសពីរទៀតនៅសប្តាហ៍ក្រោយនេះ ហើយវាក៏នឹងក្លាយជាពេល ដែលភាពតានតឹងរវាងប្រទេសអឺរ៉ុបមួយនេះ ជាមួយប្រទេសចិន កើនឡើងថែមមួយកម្រិតទៀតផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ទីក្រុងប៉េកាំងបានទម្លាក់កម្រិតនៃទំនាក់ទំនងការទូត ជាមួយនឹងលីទុយអានី ដើម្បីជាការព្រលានលើកទីមួយ ចំពោះប្រទេសអឺរ៉ុបមួយនេះ ដែលបានបង្កើតទំនាក់ទំនងដោយបើកចំហ ជាមួយទីក្រុងតៃប៉ិ ខណៈដែលកោះតៃវ៉ាន់ទាំងមូលត្រូវបានចាត់ទុក ត្រឹមតែជាខេត្តមួយរបស់ប្រទេសចិននោះ។

កោះតៃវ៉ាន់បានអះអាង កាលពីថ្ងៃពុធសប្តាហ៍នេះថា លោក ម៉ាតាស ម៉ាល់ដីគីស (Matas Maldeikis) ប្រធានក្រុមការងារមិត្តភាពជាមួយតៃវ៉ាន់ នៅក្នុងសភាលីទុយអានី នឹងដឹកនាំគណៈប្រតិភូ មកចូលរួមវេទិកាមួយនៅក្នុងសភាតៃវ៉ាន់ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែធ្នូ ខាងមុខនេះ។ នៅក្នុងដំណើរទស្សនកិច្ចនោះ ក៏មានមន្ត្រី និងសមាជិកសភាមកពីប្រទេស ឡាតវី (Latvia) និង អេស្តូនី (Estonia) ផងដែរ ហើយទាំងបីប្រទេសនេះ គឺមានសមាជិកសរុប ១០រូប។

គួរបញ្ជាក់ថា ដោយសារដំណើរទស្សនកិច្ចខាងលើនេះ មិនទាន់មកដល់ ដូច្នេះគេនៅមិនទាន់ឃើញមាន ការឆ្លើយតបខ្លាំងៗណាមួយ ពីសំណាក់ទីក្រុងប៉េកាំងនៅឡើយទេ។ យ៉ាងណាក៏ដោយ ក្រោយពីបានដឹងឮព័ត៌មាននេះ លោក ឈូ ប៉ៃហ្វ័រ (Qu Baihua) ភារធារីនៅស្ថានទូតចិន ប្រចាំនៅទីក្រុង វីលនៀស (Vilnius) ប្រទេសលីទុយអានី បានព្រមានទុកជាមុនថា «នេះជាមិនមែនជាសកម្មភាពដ៏ត្រឹមត្រូវនោះឡើយ។ គម្រោងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ គឺជាការបញ្ជូនសារខុសឆ្គងមួយ ទៅកាន់តៃវ៉ាន់រួចទៅហើយ... យើងជំទាស់ចំពោះរឿងនេះ ហើយសង្ឃឹមថា ពួកគេនឹងមិនធ្វើបែបនេះឡើយ»