(ហូនីញ៉ារ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសុក្រនេះបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីទៅជួយរក្សាសន្តិសុខនៅឯអាកាសយានដ្ឋាន និងកំពង់ផែ នៃរដ្ឋហូនីញ៉ារ៉ា (Honiara) ប្រទេសដែនកោះសូឡូម៉ុន (Solomon) ដែលកំពុងប្រឈមមុខនឹងកុបកម្មដ៏ចលាចល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមរដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលី លោកស្រី Karen Andrews កងកម្លាំងរក្សាសន្តិភាពខាងលើមានប៉ូលិស និងយោធាចំនួន ១០០នាក់ បានធ្វើដំណើរទៅដល់ប្រទេស ដែនកោះសូឡូម៉ុន កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រនេះក្នុងគោលបំណងស្ដារច្បាប់ និងសន្តិសុខឡើងវិញ។ លោកស្រីបន្ថែមថាការបញ្ជូនកងកម្លាំងសន្តិភាព នេះទៀតសោត ធ្វើឡើងតបតាមសំណើរបស់នាយរដ្ឋមន្ត្រីសូឡូម៉ុន លោក Manasseh Sogavare ដែលបានអំពាវនាវស្វែងរកជំនួយក្នុងការបិទបញ្ចប់កុបកម្មតវ៉ាកំពុង គំរាមកំហែងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។

គួរបញ្ជាក់ថា កុបកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Manasseh Sogavare កើតមានឡើងដោយសារតែវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយ COVID-19 និងជម្លោះ ជាយូរអង្វែងណាស់មកហើយ រវាងប្រជាជននៅលើកោះ Malaita និងរដ្ឋាភិបាលកណ្ដាលសូឡូម៉ុន មានមូលដ្ឋាននៅលើកោះ Guadalcanal។ កុបកម្មតវ៉ា អស់រយៈពេល ២ថ្ងៃមកនេះ បានបង្កឱ្យមានភាពភ័យខ្លាច និងចលាចលយ៉ាងខ្លាំង ស្របពេលមានជនឆ្លៀតឱកាសខ្លះបានចូលលួច ឬប្លន់នៅតាមហាងទំនើបនានា ក្នុងរដ្ឋធានី Honiara៕