(តែលអាវីវ)៖ ក្រសួងសុខាភិបាលអ៉ីស្រាអែល នៅថ្ងៃសុក្រនេះ បានប្រកាសឲ្យដឹងថា វីរុសបំប្លែងថ្មីមានលេខសម្គាល់ B.1.1529 ដែលលេចឡើងដំបូងនៅឯ ប្រទេសអាហ្រ្វិកខាងត្បូង នាពេលនេះ ក៏ត្រូវបានរកឃើញ នៅក្នុងប្រទេសអ៉ីស្រាអែលផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Jerusalem Post នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

វីរុសបំប្លែងថ្មីខាងលើ ត្រូវបានរកឃើញនៅលើបុគ្គលម្នាក់ ដែលត្រឡប់ចូលអ៉ីស្រាអែលវិញ ពីប្រទេសម៉ាឡាវីនៃទ្វីបអាហ្រ្វិក។ ចំណែកឯ ២ករណីទៀត នៃអ្នកដែលទើបត្រឡប់មកពីក្រៅប្រទេស ក៏ត្រូវបានគេសង្ស័យថា ជាករណីឆ្លងវីរុសបំប្លែងថ្មី B.1.1529 នេះដែរ។ សំណាករបស់អ្នកទាំងពីរនោះ ត្រូវបានធ្វើតេស្ត ដើម្បីកំណត់ទិន្នន័យហ្ស៊ែនរបស់វីរុសហើយ និងកំពុងរង់ចាំលទ្ធផល។

ក្រៅពីអាហ្វ្រិកខាងត្បូង និងអ៉ីស្រាអែល គឺទីក្រុងហុងកុង និងប្រទេសមួយចំនួនទៀតនៅទ្វីបអាហ្រ្វិក ក៏បានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនេះដែរ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ៉ីស្រាអែលបានប្រកាសដាក់បម្រាមលើ អ្នកធ្វើដំណើរមកពីប្រទេសអាហ្រ្វិកចំនួន៧ ដើម្បីឆ្លើយតបនឹងការរកឃើញវីរុសបំប្លែងថ្មី នៅអាហ្រ្វិកខាងត្បូង។ ក្នុងថ្ងៃជាមួយគ្នានោះ ចក្រភពអង់គ្លេស ក៏បានចេញបម្រាមលើអ្នកដំណើរ មកពីប្រទេសអាហ្រ្វិកចំនួន៦ នៅក្រោមហេតុផលដូចគ្នា។

គួរបញ្ជាក់ថា វីរុសបំប្លែង B.1.1.529 កំពុងធ្វើឲ្យពិភពលោកភ័យព្រួយជាពិសេស ដោយសារតែវាមានការបំប្លែងខ្លួនជាង៣០ដង លើផ្នែកប្រូតេអ៉ីនទំពក់ (Spike Protein) របស់វា គឺច្រើនជាងវីរុសបំប្លែងខ្លួន Delta ទៅទៀត។ រាល់វ៉ាក់សាំងទាំងអស់នាពេលបច្ចុប្បន្ន គឺផ្តោតលើប្រូតេអ៉ីននេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទើបដូច្នេះហើយ ក្រុមអ្នកវិទ្យាសាស្រ្តបារម្ភថា វាអាចមានសមត្ថភាពប្រឆាំង ឬយកឈ្នះវ៉ាក់សាំងបាន៕