(សិង្ហបុរី)៖ សិង្ហបុរី នឹងរឹតត្បិតការធ្វើដំណើរចូលមកក្នុងប្រទេសរបស់ខ្លួន លើអ្នកដំណើរដែលធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកចំនួន៧ បន្ទាប់ពីមាន សេចក្ដីរាយការណ៍ពីការរកឃើញវីរុស COVID-19 បំប្លែងថ្មីមួយប្រភេទ ដែលគេកំពុងព្រួយបារម្ភថាវាអាចប្រឆាំងនឹងវ៉ាក់សាំង ហើយមានសមត្ថភាពចម្លងជំងឺយ៉ាងឆាប់ រហ័ស។ បើតាមក្រសួងសុខាភិបាលសិង្ហបុរី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់ថាចាប់ពីម៉ោង ១១៖៥៩នាទីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះតទៅ រាល់អ្នកដំណើរទាំងអស់មិនមែនជាពលរដ្ឋសិង្ហបុរី ដែលធ្លាប់មានប្រវត្តិស្ថិតនៅក្នុងប្រទេសអាហ្វ្រិកចំនួន ៧ ដូចជា Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa និង Zimbabwe យ៉ាងហោចក្នុងរយៈពេល១៤ថ្ងៃមកនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលមកក្នុង ឬចតចុះប្ដូរជើងហោះហើរនៅក្នុងប្រទេសសិង្ហបុរីឡើយ។

ចំណែកឯ ពលរដ្ឋសិង្ហបុរី ដែលធ្លាប់ធ្វើដំណើរទៅកាន់ ឬមកពីប្រទេសអាហ្វ្រិកទាំងនេះនឹងត្រូវធ្វើចត្តាឡីស័កនៅឯផ្ទះ ឬនៅតាមទីតាំងរៀបចំដោយរដ្ឋ រយៈពេល ១០ថ្ងៃ នៅពេលពួកគេត្រឡប់មកដល់ស្រុកកំណើតវិញ។

គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងសប្តាហ៍នេះតែម្តង ហើយវាបានរីករាលដាល ទៅកាន់ប្រទេសចំនួន ០៤ ទៀតដែលនៅក្បែរខាងដូចខាងលើនេះ។ នៅប្រទេសអាហ្វ្រិកខាងត្បូងតែឯង វីរុសនេះត្រូវបានរកឃើញលើមនុស្សជាង ១០០នាក់ហើយ ខណៈនៅប្រទេសបុតស្វាណាវិញមានចំនួនតិចតួចនៅឡើយ។ ចំពោះអការៈរោគ ឬផលប៉ះពាល់ធ្ងន់ធ្ងរក្នុងកម្រិតណា ចំពោះសុខភាព នៅពេលមនុស្សឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះ គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ៕