(អាមេរិក)៖ លោកប្រធានាធិបតី ចូ បៃដិន បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថាប្រទេសនានាគួរតែយកចិត្តសប្បុរសនៃសហរដ្ឋអាមេរិកធ្វើជាគំរូហើយបង្កើនការបរិច្ចាគវ៉ាក់សាំងបង្ការ COVID-19 ទៅកាន់ពិភពលោក នោះទើបជំងឺរាតត្បាតសកលនេះ អាចឈានទៅរកទីបញ្ចប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ចូ បៃដិន បានថ្លែងពេលទៅដល់កោះណាន់ថាក់កេត (Nantucket) នៃរដ្ឋ ម៉ាស្សាជូសេតស៍ (Massachusetts) យ៉ាងដូច្នេះថា «ជំងឺរាតត្បាតនេះនឹងមិនបញ្ចប់ទេ រហូតទាល់តែយើងមានការចាក់វ៉ាក់សាំងជាសកល»។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអំពាវនាវឲ្យប្រទេសនានាលើកលែង «កម្មសិទ្ធិបញ្ញា» ផងដែរដើម្បីអនុញ្ញាតឲ្យវ៉ាក់សាំង បង្ការ COVID-19 អាចត្រូវបានផលិតកាន់តែច្រើន នៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា ការប្រកាសរបស់លោក ចូ បៃដិន ខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីវីរុស COVID-19 បំប្លែងថ្មីនៅអាហ្វ្រិកខាងត្បូង ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ដាក់ឈ្មោះឲ្យថា «អូមីក្រន់» (Omicron)។ ជាការឆ្លើយតបដំណាក់កាលដំបូង លោក ចូ បៃដិន បានសម្រេចដាក់ការរឹតត្បិតការធ្វើដំណើរលើបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូងចំនួន ៨ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងវីរុសថ្មីនេះ។ លោក ចូ បៃដិន ក៏ឆ្លៀតរំលឹកផងដែរថា ការកកើតវីរុសបំប្លែងថ្មី Omicron គឺកាន់តែបង្ហាញយ៉ាងច្បាស់ថា មេរោគ COVID-19 នឹងគ្មានថ្ងៃផុតរលត់ឡើយរហូតទាល់តែពិភពលោកទាំងមូលទទួលបានការចាក់វ៉ាក់សាំង៕