(អាហ្រ្វិក)៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) របស់អាហ្រ្វិក កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានជំរុញឱ្យអាជ្ញាធរសុខាភិបាលនៃបណ្តាប្រទេសអាហ្រ្វិក ពង្រឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ឡើងវិញ ចំពេលមានការលេចឡើងនៃវីរុសបំប្លែងថ្មី ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

CDC អាហ្វ្រិកបានធ្វើការអំពាវនាវដូចខាងលើនេះ បន្ទាប់ពីវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លង (NICD) នៅប្រទេសអាហ្រ្វិកខាងត្បូង បានប្រកាសពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 ដែលមានឈ្មោះជាផ្លូវការថា អូមីក្រុង (Omicron) ដែលត្រូវអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះបានចាត់ទុកថា «វាជាវីរុសដែលគួរឲ្យយបារម្ភ»។

មជ្ឈមណ្ឌលដដែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អាជ្ញាធរសុខាភិបាលជាតិនៅទូទាំងទ្វីបអាហ្រ្វិក គួរតែពង្រឹងវិធានការសុខភាពសាធារណៈ និងសង្គមឡើងវិញ ក៏ដូចជាពន្លឿនការចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ពួកគេ ដោយផ្តល់អាទិភាពដល់ក្រុមដែលមានហានិភ័យខ្ពស់ មុនពេលរលកថ្មីនៃការឆ្លងរីករាលដាលជំងឺ COVID-19 មកដល់»

មជ្ឈមណ្ឌល CDC អាហ្រ្វិក បានអំពាវនាវដល់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិ កឱ្យពន្លឿនការចាក់វ៉ាក់សាំង ដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃវីរុស ដោយនិយាយថា «វ៉ាក់សាំងនៅតែជាឧបករណ៍សំខាន់ ក្នុងការការពារករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់ដោយសារការឆ្លងជំងឺ COVID-19»

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទ្វីបអាហ្រ្វិកបានកើនឡើងដល់ជាង ៨.៧លានករណីហើយ ក្នុងនោះមានអ្នកស្លាប់ជាង ២២៣,០០០នាក់ និងអ្នកជាសះស្បើយជាង ៨.១លាននាក់៕