(ហ្សាការតា)៖ ឥណ្ឌូណេស៊ី នឹងហាមឃាត់អ្នកដំណើរមកពីប្រទេសអាហ្វ្រិកចំនួន៨ ចូលមកក្នុងប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុស COVID-19 បំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើឯកសារផ្លូវការមួយរបស់រដ្ឋាភិបាលទីក្រុងហ្សាការតា បានឱ្យដឹងទៀតថាឥណ្ឌូណេស៊ី នឹងមិនអនុញ្ញាតឱ្យ អ្នកដំណើរដែលធ្លាប់ស្ថិតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង, ណាមីបៀ (Namibia), បុតស្វាណា (Botswana), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) ម៉ូហ្សំប៊ិក, នីហ្សេរីយ៉ា និងអេស្វាទីនី (Eswatini) ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះ ចូលមកក្នុងប្រទេសរបស់ខ្លួនឡើយ។

គួរបញ្ជាក់ថា បើតាមឯកសារខាងលើ បម្រាមធ្វើដំណើរនេះនឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទស្អែកនេះ ប៉ុន្តែ ក្រុមប្រតិភូដែលត្រូវចូលរួមក្នុងកិច្ចប្រជុំ G20 ដែល ឥណ្ឌូណេស៊ីធ្វើជាប្រធាន នឹងមិនរងផលប៉ះពាល់ដោយសារបម្រាមនេះទេ៕