(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២០,៨៣៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១០២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,០៩៩,៥៩០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៩៩,៤១៤នាក់ និងជាសះស្បើយឡើងសរុប ៣៨.៨៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់ឈ្មោះវីរុសបំប្លែងថ្មី ដែលទើបត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង នោះជាផ្លូវការថា «អូមីក្រុង» (Omicron) និងចាត់ទុកថា «វាជាវីរុសដែលគួរឲ្យបារម្ភ»។ ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិកបានសម្រេច រឹតត្បិតការធ្វើដំណើរពីបណ្តាប្រទេស ស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូងមួយចំនួនរួចមកហើយ កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៥៤លានដូស ក្នុងនោះប្រជាជន ២៣១.៣៦លាននាក់ (៧០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៥លាននាក់ (៥៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៣៧.៤៣លាននាក់ (១១.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕