(ញូយ៉ក)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងលោក Anthony Fauci បាននិយាយថាសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែត្រៀមខ្លួនដើម្បីធ្វើអ្វីៗគ្រប់យ៉ាង ក្នុងការប្រយុទ្ធ ប្រឆាំងជាមួយវីរុស COVID-19 បំប្លែងថ្មី Omicron ប៉ុន្តែវាហាក់ដូចជាលឿនពេកហើយថាតើគួរតែដាក់ចេញវិធានការបិទខ្ទប់ ឬការរឹតត្បិតនានាឡើងវិញ ដែរឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Anthony Fauci ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «This Week» នៃទូរទស្សន៍ ABC ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ថ្លែងនាឱកាសនោះ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិករូបនេះ ក៏បានព្រមានផងដែរថា សហរដ្ឋអាមេរិកអាចនឹងប្រឈមមុខនឹងរលកឆ្លង COVID-19 ជាលើកទី៥ តែអ្នកជំនាញរូបនេះនៅតែបញ្ជាក់ថាការកើនឡើង នៃចំនួនប្រជាជនអាមេរិកដែលបាន ចាក់វ៉ាក់សាំងបង្ការពេញលេញ ឬដូសជំរុញ អាចនឹងការពារពួកគេមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់។

គួរបញ្ជាក់ថា ភ្លាមៗ ក្រោយការប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានគេរាយការណ៍មុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងសហរដ្ឋអាមេរិក បានសម្រេចចិត្តហាមជនបរទេសមកពីអាហ្វ្រិកខាងត្បូង, ណាមីបៀរ, ហ្ស៊ីមបាបវ៉េ, បុតស្វាណា, ឡេសូតូ, អេស្វាទីនី, ម៉ាឡាវី និងម៉ូហ្សំប៊ីក ចូលមកក្នុងទឹកដីរបស់ខ្លួន៕