(ប៉េកាំង)៖ ប្រយោគបុរាណចិន «得其大者可以兼其小» នេះមានប្រភពមកពី «易或问» របស់លោក Ou yangXiu អ្នកនិពន្ធដ៏ល្បីល្បាញនៅរាជវង្សសុងខាងជើង ។ ឃ្លាមួយនេះគឺអធិប្បាយពីការយល់ដឹងអំពីវិធីសិក្សានៃ «易经»។ លោក Ou Yangxiu ជឿជាក់ថា ដរាបណាយើងបានរៀនចេះពីហេតុផលចម្បងនៃ «易经» យើងនឹងអាចស្វែងយល់ពីហេតុផលតូចៗនៃ «易经» បាន។ ប្រយោគនេះត្រូវបានមនុស្សជំទាន់ក្រោយប្រើយ៉ាងទូលំទូលាយ ដើម្បីបង្ហាញថា មានតែការយល់ដឹងអំពីស្ថានភាពទាំងមូល ទើបយើងអាចធ្វើការជ្រើសរើស និងចាត់ចែងដ៏ត្រឹមត្រូវលើបញ្ហាលម្អិត។

សារៈសំខាន់និងភាពស្មុគស្មាញ នៃទំនាក់ទំនងរវាងចិន និងអាមេរិក បានកំណត់ពីភាពអស្ថិរភាព និងភាពមិនប្រាកដប្រជាជាច្រើន នៅក្នុងដំណើរអភិវឌ្ឍន៍នៃប្រទេសទាំងពីរ និងជួបប្រទះនឹងបញ្ហាប្រឈមថ្មីជាបន្តបន្ទាប់។ ទាក់ទិននឹងភាពខុសគ្នារវាងចិន និងអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពីប្រយោគបុរាណចិនថា «得其大者可以兼其小» ហើយបានគូសបញ្ជាក់ថា នៅពេលមើលពីទំនាក់ទំនងរវាងចិន និងអាមេរិក ត្រូវមើលពីស្ថានការណ៍ទូទៅ មិនមែនត្រឹមតែផ្តោតលើភាពខុសគ្នា រវាងប្រទេសទាំងពីរនោះទេ។

ទាក់ទិននឹងទំនាក់ទំនងចិន-អាមេរិកក្នុងយុគសម័យថ្មី លោក Xi Jinping ប្រធានរដ្ឋចិនបានបូកសរុបពីគោលការណ៍ចំនួនបី នៅក្នុងកិច្ចជំនួបតាមប្រព័ន្ធវីដេអូជាមួយលោក Biden ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ គឺការគោរពគ្នាទៅវិញទៅមក ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ ដូចដែលលោកលោក Xi Jinping បានមានប្រសាសន៍ថា ចិននិងអាមេរិកគឺជាកប៉ាល់យក្សពីរគ្រឿង ដែលកំពុងធ្វើដំណើរក្នុងមហាសមុទ្រ យើងត្រូវចាប់ចង្កូតឱ្យនឹងដើម្បីឱ្យកប៉ាល់យក្សទាំងពីរនេះ អាចធ្វើដំណើរទៅមុខជាមួយគ្នា ទោះមានខ្យល់និងរលកខ្លាំងក៏មិនញញើត មិនបាត់ការគ្រប់គ្រងនិងមិនប៉ះទង្គិចគ្នា។

«得其大者可以兼其小» ប្រយោគបុរាណចិនមួយនេះបានរំលឹកយើងថា នៅពេលធ្វើរឿងអ្វីមួយ ត្រូវមើលពីសភាពការណ៍ធំ។ មានតែការស្វែងយល់ពីហេតុផលជាមូលដ្ឋានប៉ុណ្ណោះ ទើបអាចស្វែងយល់ពីហេតុផលលម្អិតបាន។ បើធ្វើផ្ទុយពីនេះ នឹងធ្វើឱ្យយើងជាប់គាំងក្នុងរឿងតូចតាច និងពិបាកស្វែងយល់ពីទិសដៅធំ៕