(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊ូមីអុ គីស៉ីដា (Fumio Kishida) បានប្រកាសនៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ប្រទេសជប៉ុននឹងដាក់ចេញនូវវិធានការរឹតត្បឹតព្រំដែនឡើងវិញ ដោយរារាំងការមកដល់របស់ជនបរទេសថ្មីៗទាំងអស់ ជុំវិញការភ័យខ្លាចការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Fumio Kishida បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងនឹងហាមឃាត់ការចូលមកដល់ របស់ជនបរទេសថ្មីៗទាំងអស់ពីជុំវិញពិភពលោក ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះតទៅ ខណៈពលរដ្ឋជប៉ុនដែលត្រឡប់មកពី ប្រទេសជាក់លាក់មួយចំនួន អាចចូលមកកាន់ប្រទេសជប៉ុនបាន ប៉ុន្តែនឹងត្រូវធ្វើចត្តាឡីស័ក នៅកន្លែងដែលត្រូវបានកំណត់»

កន្លងព្រំប្រទល់របស់ប្រទេសជប៉ុន ត្រូវបានបិទស្ទើរតែទាំងស្រុងសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងអំលុងងពេលជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ ប៉ុន្តែកាលពីដើមខែវិច្ឆិកានេះ រដ្ឋាភិបាលជប៉ុន បានប្រកាសថា ទីបំផុតខ្លួននឹងអនុញ្ញាតឲ្យអ្នកធ្វើដំណើរអាជីវកម្មរយៈពេលខ្លី និស្សិតបរទេស និងអ្នកកាន់ទិដ្ឋាការផ្សេងទៀត ចូលមកកាន់ប្រទេសបានវិញ ប៉ុន្តែនៅតែបន្តរារាំងភ្ញៀវទេសចរ។

ប្រទេសជប៉ុន បានប្រកាសរួចហើយថា ខ្លួននឹងតម្រូវឱ្យអ្នកដំណើរដែលត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ប្រទេស ពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសអាហ្រ្វិកជិតខាង ដូចជា ណាមីបៀ (Namibia), ឡេសូថូ (Lesotho), អេស្វាទីនី (Eswatini), ហ្ស៊ីមបាវ៉េ (Zimbabwe), បូតស្វាណា (Ziimbabwe), ហ្សំប៊ី (Zambia), ម៉ាឡាវី (Malawi), និង ម៉ូហ្សំប៊ិគ (Mozambique) ធ្វើចត្តាឡីស័កនៅតាមកន្លែងដែលត្រូវបានកំណត់ដោយ រដ្ឋាភិបាលសម្រាប់រយៈពេល ១០ថ្ងៃបន្ទាប់ពីការមកដល់។

លោក Fumio Kishida បានបន្ថែមថា ការធ្វើចត្តាឡីស័កបន្ថែមទៀត នឹងត្រូវបានដាក់លើការមកដល់ពីប្រទេសចំនួន ១៤បន្ថែមទៀត ដែលវីរុស COVID-19 បំប្លែងថ្មី Omicron ត្រូវបានរកឃើញ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសជប៉ុន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៧២លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៨,៣០០នាក់ និងអ្នកជាសះស្បើយជាង ១.៧០លាននាក់ ខណៈប្រហែល ៧៦.៥ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ៕