(ហ្សាការតា)៖ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានដីកោះ ច្រើនជាងគេបំផុតនៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ប្រទេសដែលជាស្ថាបនិក និងជាសមាជិកអាស៊ាន ឬក៏គេស្គាល់ជាទូទៅថា បងធំរបស់អាស៊ានមួយនេះ មានព្រំដែនគោកជាប់ជាមួយប្រទេសម៉ាឡេស៊ី ទីម័រខាងកើត និងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់នឹងអូស្រ្តាលី, ឥណ្ឌា, ប្រទេសដីកោះផាឡាវ (Palau), ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។

ប្រវត្តិសង្ខេបនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រជាជាតិអ៊ីស្លាមធំជាងគេបំផុតលើលោក៖

១៖ ព័ត៌មានទូទៅសំខាន់ៗអំពីឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ីមានកោះរហូតដល់ទៅច្រើនជាង ១៧,០០០កោះ
និងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ជាហេតុធ្វើឱ្យប្រទេសនេះតែងតែជួបប្រទះជាញឹកញាប់ នូវគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង។ កោះដែលធំជាងគេមានដូចជាស៊ូម៉ាត្រា កោះជ្វា, ប័រណេអូ (Borneo) ឬហៅជាភាសាឥណ្ឌូណេស៊ីកាលីម៉ាន់តាន់ (Kalimantan), ស៊ុឡាវេស៊ី (Sulawesi) និង ញូហ្គីណេ (New Guinea)។

* មានឈ្មោះជាផ្លូវការ៖ សាធារណរដ្ឋឥណ្ឌូណេស៊ី
* មានរដ្ឋធានីឈ្មោះ៖ ហ្សាការតា
* មានផ្ទៃដីទំហំ៖ ១.៩លានគីឡូម៉ែត្រក្រឡា
* ជាប្រទេសកាន់របបប្រជាធិបតេយ្យធំបំផុតទី៣ លើលោកបន្ទាប់ពីឥណ្ឌា និងអាមេរិក
* មានអ្នកកាន់សាសនាអ៊ីស្លាម ច្រើនជាងគេបំផុតនៅលើពិភពលោក
* ជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោក
* មានប្រជាជនចំនួន៖ ២៧៧.៦លាននាក់ (ឆ្នាំ២០២០)
* មានភាសាតំបន់សំខាន់ៗ៖ ៣០០ភាសា
* មានសាសនាធំជាងគេ៖ អ៊ីស្លាម
* មានអត្រាសង្ឃឹមរស់៖ មនុស្សប្រុស ៦៧ឆ្នាំ និងមនុស្សស្រី ៧១ឆ្នាំ
* មានរូបិយវត្ថុ៖ ឥណ្ឌូណេស៊ូរូពី (Rupiah)

២៖ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី

ធនាគារពិភពលោក បានឱ្យថា GDP របស់ឥណ្ឌូណេស៊ីមាន ១.០៥៨ទ្រីលានដុល្លារ កាលពីឆ្នាំ២០២០ ខណៈ GDP ប្រជាជនម្នាក់គឺ ៣,៨៦៩ដុល្លារ (ឆ្នាំ២០២០)។ ឥណ្ឌូណេស៊ីក៏ជាសមាជិកនៃក្រុមប្រទេស G20 ផងដែរ។

៣៖ មេដឹកនាំនៃប្រទេសឥណ្ឌូណេស៊ី

ប្រធានាធិបតីបច្ចុប្បន្ន លោក ចូកូ វីដូដូ (Joko Widodo)។

៤៖ ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសឥណ្ឌូណេស៊ី

* ឆ្នាំ១៦៧០-១៩០០៖ ឥណ្ឌូណេស៊ីទាំងមូលត្រូវស្ថិតនៅក្រោមអាណានិគមរបស់ហូឡង់
* ឆ្នាំ១៩៤២៖ ឥណ្ឌូណេស៊ីត្រូវជប៉ុនគ្រប់គ្រង
* ឆ្នាំ១៩៤៩៖ ហូឡង់ទទួលស្គាល់ឯករាជ្យរបស់ឥណ្ឌូណេស៊ី ហើយលោក ស៊ូកាណូ (Sukarno) ឡើងកាន់តំណែងជាប្រធានាធិបតី
* ឆ្នាំ១៩៦៦៖ លោក Sukarno ប្រគល់អំណាចឱ្យលោកឧត្ដមសេនីយ ស៊ូហាតូ (Suharto)
* ឆ្នាំ១៩៧៦៖ ឥណ្ឌូណេស៊ីលើកទ័ពវាយចូលទីម័រខាងកើត យកមកធ្វើជាខេត្តមួយរបស់ខ្លួន
* ឆ្នាំ១៩៩៨៖ ផ្ទុះបាតុកម្មតវ៉ាទម្លាក់លោក Suharto ចេញពីតំណែង
* ឆ្នាំ១៩៩៩៖ ទីម័រខាងកើតរៀបចំការបោះឆ្នោតប្រជាមតិផ្ដាច់ខ្លួនពីឥណ្ឌូណេស៊ី
* ឆ្នាំ២០០៤៖ មានការបោះឆ្នោតប្រធានាធិបតីដោយផ្ទាល់ជាលើកដំបូងបំផុត។

គួរបញ្ជាក់ថា និយាយដល់ហ្សាកាតា រដ្ឋាភិបាលលោក វីដូដូ បានត្រៀមខ្លួនរួចហើយ ក្នុងការជ្រើសរើសកោះធំ Borneo ដើម្បីបង្កើតរដ្ឋធានីថ្មី ព្រោះហ្សាកាតា កំពុងតែប្រឈមមុខនឹងភាពកកុញកាន់តែខ្លាំងឡើងៗ និងកាន់តែកកុញខ្លាំងបន្ថែមទៀត នៅប៉ុន្មានឆ្នាំខាងមុខនេះប៉ុណ្ណោះ។ ដោយឡែកបញ្ហាភេរវកម្ម និងការបះបោរនៅតំបន់មួយចំនួន គឺជារឿងឈឺក្បាលបំផុតសម្រាប់រដ្ឋាភិបាលបច្ចុប្បន្ន៕

ប្រភព៖ សារព័ត៌មាន BBC និង Sherpa