(ស៊ីនដី)៖ ក្រោយការត្រួតពិនិត្យយ៉ាងល្អិតល្អន់ នៅទីបំផុតអជ្ញាធរអូស្ត្រាលី បានប្រកាសនៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ខ្លួនបានរកឃើញអ្នកផ្ទុក វីរុស COVID-19 បំប្លែងថ្មី «អូមីក្រុង» (Omicron) ម្នាក់ទៀត តែលើកនេះគឺមានពាក់ព័ន្ធនឹងសហគមន៍ ខណៈចំនួនអ្នកផ្ទុកវីរុសថ្មីនេះនៅអូស្ត្រាលី សរុបកើនឡើងដល់ ៦នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមអាជ្ញាធរអូស្ត្រាលី ករណីទី ៦ ដែលមានផ្ទុកវីរុសបំប្លែងថ្មី Omicron ខាងលើនេះ គឺជាបុគ្គលដែលធ្លាប់បានចូលទៅកាន់ផ្សារទំនើប ដ៏កកកុញមួយកន្លែងនៅក្នុងទីក្រុងស៊ីដនី ហើយរូបគេទំនងជាបានឆ្លងជំងឺ COVID-19 រួចទៅហើយពេលទៅកាន់ទីនោះ។ ក្រោយការធ្វើតេស្តវិជ្ជមាន COVID-19 រូបគេបានបន្តទទួលការធ្វើតេស្តទៀត ដើម្បីរកមើលថា តើអាចជាវីរុសបំប្លែងខ្លួនណាមួយដែរឬទេ ហើយនៅទីបំផុត អាជ្ញាធរអូស្ត្រាលីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ពិតជាវីរុសបំប្លែងថ្មី Omicron ប្រាកដមែន។

គួរបញ្ជាក់ថា បុគ្គលទី ៦ ដែលមានផ្ទុកវីរុស Omicron ខាងលើនេះ គឺស្ថិតនៅក្នុងចំណោមអ្នកដំណើរលើជើងហោះហើរមួយ ដែលត្រូវបានអាជ្ញាធរអូស្ត្រាលី ដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ក្រោយពីបានរកឃើញថា មានអ្នកផ្ទុកជំងឺ COVID-19។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺបុគ្គលរូបនេះបានចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញរួចហើយ។

យ៉ាងណាក៏ដោយ អាជ្ញាធរអូស្ត្រាលីបានជំរុញឲ្យប្រជាជនទាំងអស់ រក្សាភាពស្ងប់ស្ងាត់សិន ខណៈអង្គការសុខភាពពិភពលោក (WHO) និងក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីផ្ទាល់ សុទ្ធតែកំពុងតាមដានឥទ្ធិពលពិតប្រាកដរបស់ Omicron ថាតើវាពិតជាអាចចម្លងលឿនរហ័ស ជាងមេរោគបំប្លែងខ្លួន Delta និងអាចយកឈ្នះលើ វ៉ាក់សាំងនានាបច្ចុប្បន្នដល់កម្រិតណា៕