(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អាហ្រ្វិកខាងត្បូង សម្រាប់ការចែករំលែកព័ត៌មានទាន់ពេលវេលា ស្តីពីវីរុស COVID-19 បំប្លែងថ្មី Omicron ដែលទើបតែរកឃើញ នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែងនៅក្នុងសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បាននិយាយថា ប្រទេសចិននឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

លោក Zhao បានបន្ថែមថា ការឆ្លើយតបទៅនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ គួរតែផ្អែកលើវិទ្យាសាស្ត្រ ហើយប្រទេសនានាគួរតែគាំទ្រដល់ ការដឹកនាំរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងអំឡុងពេលនេះ៕