(កង់បេរ៉ា)៖ ផែនការរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមសន្ធិសញ្ញា AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុងបង្កឱ្យមានការព្រួយបារម្ភពីការរំលោភបំពានលើកាតព្វកិច្ចមិនរីកសាយអាវុធនុយកេ្លអ៊ែររបស់ទីក្រុងកង់បេរ៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ២០២១។

នៅក្រោមសន្ធិសញ្ញា AUKUS អូស្រ្តាលីនឹងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៨គ្រឿង ព្រមទាំងការចែករំលែកការអភិវឌ្ឍបច្ចេកវិទ្យា AI, ព័ត៌មានវិទ្យា, បច្ចេកវិទ្យាកំព្យូទ័រ quantum និងបច្ចេកវិទ្យានៅក្រោមបាតសមុទ្រពីសហរដ្ឋអាមេរិក និងអង់គ្លេសផងដែរ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Scott Morrison បានអះអាងជាច្រើនលើកថាអូស្ត្រាលីនឹងនៅតែបន្តប្ដេជ្ញាចិត្តចំពោះកាតព្វកិច្ចនានា នៅក្រោមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដ្បិតនាវាមុជទឹកដែលអូស្ត្រាលីនឹងទទួលបានគឺជាប្រភេទនាវាដើរដោយថាមពលនុយក្លេអ៊ែរ មិនមែនបំពាក់អាវុធនុយក្លេអ៊ែរនោះទេ។

ប៉ុន្តែកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ, សមាជិកសភាអូស្ត្រាលីមួយចំនួនបានបង្ហាញពីមន្ទិលសង្ស័យដដែលលើផែនការរបស់រដ្ឋាភិបាល លោក Morrison ដោយ ពួកគេយល់ថាការផលិតនាវាមុជទឹកនុយក្លេអ៊ែរ អាចនឹងធ្វើឱ្យការប្ដេជ្ញាចិត្តនៅក្រោមកិច្ចព្រមព្រៀង NPT ចុះទន់ខ្សោយ ដោយគេមិនអាចធានាបានឡើយថាទៅថ្ងៃ អនាគតនាវាមុជទឹករបស់អូស្ត្រាលីនឹងមិនបំពាក់អាវុធនុយក្លេអ៊ែរ ចំពេលបណ្ដាប្រទេសក្នុងតំបន់អាស៊ីនាំគ្នាធ្វើទំនើបកម្មយោធារៀងៗខ្លួន។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន, អូស្ត្រាលីបានចុះហត្ថលេខាជាផ្លូវការហើយលើកិច្ចព្រមព្រៀងជាមួយអាមេរិក និងអង់គ្លេស ដើម្បីផលិតនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរ ដែលនេះធ្វើឱ្យអូស្រ្តាលីក្លាយជាប្រទេសទី២ ក្នុងពិភពលោកទទួលបានការចែករំលែកបច្ចេកវិទ្យាពីអាមេរិក បន្ទាប់ពីអង់គ្លេស៕