(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ (Shinzo Abe) បានថ្លែងបើកទំព័រខែថ្មីនេះថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មិនគួរឈរនៅស្ងៀមនោះឡើយ ប្រសិនបើប្រទេសចិនវាយប្រហារកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

លោក អាបេ ស៊ីនហ្សូ បានថ្លែងតាមរយៈប្រព័ន្ធវីដេអូ ទៅកាន់វេទិកាថ្នាក់តំបន់មួយ រៀបចំឡើងដោយវិទ្យាស្ថាននយោបាយរបស់តៃវ៉ាន់ថា ប្រជុំកោះសិនកាគុ (Senkaku) (ចិនហៅថា តៅយុ-Diaoyu) ស្ថិតនៅកៀកកោះតៃវ៉ាន់ ហើយក្នុងនោះដែនកោះ សាគិស៊ីម៉ា (Sakishima) និង យ៉ូណាហ្គូនិ (Yonaguni) មានចម្ងាយតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះពីដែនដីតៃវ៉ាន់។ លោក អាបេ បានសង្កត់ធ្ងន់ជុំវិញបញ្ហានេះថា ការវាយប្រហារណាមួយទៅលើកោះតៃវ៉ាន់ ក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់ជប៉ុនផងដែរ។

អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ថែមទាំងបានថ្លែងទៀតថា «គ្រាអាសន្នរបស់តៃវ៉ាន់ គឺជាគ្រាអាសន្នរបស់ជប៉ុន ហើយក៏ជាគ្រាអាសន្នសម្រាប់សម្ព័ន្ធភាពរវាង ជប៉ុន-អាមេរិក ផងដែរ។ ដូច្នេះប្រជាជននៅទីក្រុងប៉េកាំង ជាពិសេសលោកប្រធានាធិបតី ស៊ី ជិនពីង មិនគួរមានការយល់ច្រឡំក្នុងបញ្ហានេះឡើយ»

គួរបញ្ជាក់ថា ប្រទេសជប៉ុនគឺជាជង្រុកនៃមូលដ្ឋានយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក ក្នុងនោះកោះ អូគីណាវ៉ា (Okinawa) ត្រូវបានគេសម្លឹងឃើញថា នឹងដើរតួយ៉ាងសំខាន់ ប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើសការពារតៃវ៉ាន់ ក្នុងករណីដែលចិនបើកការវាយប្រហារ ទៅលើកោះនោះមែន ព្រោះដែនដីទាំងពីរនេះស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ៕