(រីយ៉ូ)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលបានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) ថា ប្រទេសនេះបានរកឃើញអ្នកផ្ទុកវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន ២ករណីដំបូង និងជាលើកទី ១ សម្រាប់តំបន់អាមេរិកឡាទីនទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរសុខាភិបាលប្រេស៊ីល បានគូសបញ្ជាក់ថា ២ករណីខាងលើនេះ គឺជាគូស្វាមីភរិយា ដែលបានធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង តាមជើងយន្តហោះដែលបានចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិទីក្រុង សៅ ប៉ូឡូ (Sao Paulo) របស់ប្រេស៊ីល។ អាជ្ញាធរប្រេស៊ីលបានឲ្យដឹងទៀតថា យន្តហោះដែលពួកគេជិះខាងលើនេះ បានចុះចតនៅទីក្រុង សៅ ប៉ូឡូ តាំងតែពីថ្ងៃទី ២៣ ខែវិច្ឆិកា មកម្ល៉េះ ហើយនៅពេលនោះ គូស្វាមីភរិយាទាំងពីរនាក់នេះបានធ្វើតេស្ត «អវិជ្ជមាន» ចំពោះជំងឺ COVID-19។

យ៉ាងណាក៏ដោយ នៅក្រោយពេលដែលពួកគេ រៀបចំដើម្បីត្រឡប់ទៅកាន់អាហ្វ្រិកខាងត្បូងវិញ ស្រាប់តែការធ្វើតេស្តរបស់ពួកគេ ចេញលទ្ធផល «វិជ្ជមាន» ដែលជាហេតុបង្ខំឲ្យអាជ្ញាធរប្រេស៊ីល សម្រេចធ្វើតេស្តលម្អិតដំណាក់កាលទី ២ ដើម្បីរកមើលឃើញថា តើជាវីរុសបំប្លែងថ្មី ដែរឬក៏យ៉ាងណា, ហើយនៅទីបំផុតលទ្ធផលបានបង្ហាញថា ពួកគេមានផ្ទុកវីរុសបំប្លែងថ្មី «Omicron»