(ប៉េកាំង)៖ ជានិច្ចកាល អាមេរិកតែងតែអួតអាងថាខ្លួនជា «អ្នកគាំពារសិទ្ធិមនុស្ស» ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដោយយកបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើមធ្វើជាលេស ហើយលេងកលល្បិចនយោបាយ និងបង្កបង្កើតការបដិបក្ខគ្នា នៅលើពិភពលោកទាំងមូល។ ពេលថ្មីៗខាងមុខនេះ អាមេរិកនឹងចាប់ផ្តើមការសម្តែងឆាកល្ខោនមួយលើកទៀត ។

ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ អ្វីដែលហៅថាកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ ដែលផ្តួចផ្តើមរៀបចំដោយអាមេរិកនឹ ងបើកធ្វើតាមប្រព័ន្ធវីដេអូ ពាក្យស្លោករបស់កិច្ចប្រជុំលើកនេះ គឺ «ប្រឆាំងកិត្យានុភាពនិយម ប្រឆាំងអំពើពុករលួយ និងជំរុញការគោរពសិទ្ធិមនុស្ស»។

ពេលមុននឹងបើកធ្វើកិច្ចប្រជុំ អ្នកផងទាំងពួងបានរកឃើញបញ្ហាដ៏ធ្ងន់ធ្ងរមួយ គឺអាមេរិកមិនបានអញ្ជើញចិននិងរុស្ស៊ីទៅចូលរួម ប៉ុន្តែបែរជាបានអញ្ជើញចិនតៃវ៉ាន់។ អាមេរិកធ្លាប់ប្រកាសជាសាធារណៈជាច្រើនលើកថា មិនគាំទ្រឱ្យតៃវ៉ាន់ឯករាជ្យ ដោយឡែក ខណៈពេលបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រមុខរដ្ឋចិននិងអាមេរិក នៅខែនេះ អាមេរិកក៏បានគូសបញ្ជាក់ម្តងទៀតពីគោលការណ៍ «ប្រទេសចិនមួយ» និងការកំណត់ក្នុងសេចក្តីប្រកាសរួម៣ច្បាប់ រវាងចិននិងអាមេរិក អ៊ីចឹង អាមេរិកអញ្ជើញចិនតៃវ៉ាន់ចូលរួម កិច្ចប្រជុំកំពូលលើកនេះ ព្រមទាំងផ្តល់វេទិកាដល់កម្លាំងចង់ឱយតៃវ៉ាន់ឯករាជ្យ តើអាមេរិករៀបចំកិច្ចប្រជុំកំពូលលើកនេះ ក្នុងគោលបំណងពិតប្រាកដយ៉ាងណា?

ទាក់ទិននឹងរឿងនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះអាមេរិកដែលបានអញ្ជើញអាជ្ញាធរតៃវ៉ាន់ចូលរួម អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ»។ នៅលើពិភពលោក មានប្រទេសចិនតែមួយ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជា រដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិន ដែលមិនអាចកាត់ផ្តាច់បាន គោលការណ៍ប្រទេសចិនមួយ ជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដែលត្រូវសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ។ ក្រៅពីជាចំណែកមួយរបស់ប្រទេសចិន តៃវ៉ាន់គ្មានឋានៈផ្សេងទៀតក្នុងច្បាប់អន្តរជាតិនោះឡើយ ។

ទាក់ទិននឹងអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» ដែលអាមេរិកជិតនឹងរៀបចំធ្វើនោះ លោកស្រី Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានឆ្លើយតបថា អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» គឺអាមេរិកចង់បង្កើតក្រុមស្វែងរកផលប្រយោជន៍ ដោយយកបញ្ ហា«ប្រជាធិបតេយ្យនិងសិទិ្ធមនុស្ស» ធ្វើជាលេស ដើម្បីបដិបក្ខគ្នាជាមួយ ប្រទេសដែលបានរក្សាឯករាជ្យខាងយុទ្ធសាស្ត្រ និងគាំពារសណ្តាប់ធ្នាប់ដ៏យុត្តិធម៌របស់ពិភពលោក។ លោកស្រី Zakharova បានគូសបញ្ជាក់ថា ក្នុងបរិបទដែលប្រជាធិបតេយ្យ និងសភាពការណ៍សិទ្ធិមនុស្សរបស់ខ្លួន មានបញ្ហាយ៉ាងច្បាស់លាស់ អាមេរិកធ្វើសេចក្តីសម្រេចចិត្តដោយឯកឯងថា ប្រទេសណាខ្លះអាចត្រូវហៅថាជា ប្រទេសមានប្រជាធិបតេយ្យ រឿងនេះគួរឱ្យអស់សំណើចណាស់។

តាមពិតទៅ ប្រជាធិបតេយ្យរបស់អាមេរិកមានសភាពការណ៍យ៉ាងណា? កាលពីថ្ងៃទី២ ខែវិច្ឆិកា កាសែត «The Washington Post» បានចុះផ្សាយព័ត៌មានអំពីរបាយការណ៍ស្ទង់ប្រជាមតិមួយលើក ដែលប្រកាសដោយមជ្ឈមណ្ឌល Pew Research បានឱ្យដឹងថា មានអ្នកចូលរួមផ្តល់ប្រជាមតិមិនមែនជនជាតិអាមេរិកចំនួន ១៧ភាគរយប៉ុណ្ណោះ សម្គាល់ឃើញថា ប្រជាធិបតេយ្យរបស់អាមេរិកជាគំរូល្អ គួរឱ្យប្រទេសផ្សេងទៀតយកទៅរៀនសូត្រតាម ៥៧ភាគរគសម្គាល់ឃើញថា ប្រជាធិបតេយ្យរបស់អាមេរិកធ្លាប់ធ្វើបានល្អ តែនាប៉ុន្មានឆ្នាំចុងក្រោយនេះមានភាពកាន់តែអាប់អួទៅៗ ក្រៅពីនេះ ក៏មានអ្នកចូលរួមផ្តល់ប្រជាមតិចំនួន២៣ភាគរយ សម្គាល់ឃើញថា ដើមឡើយ អាមេរិកក៏មិនមែនជា គំរូល្អខាងប្រជាធិបតេយ្យល្អនៃប្រទេសផ្សេងទៀតនោះឡើយ ។

ដោយឡែក បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសអាមេរិកក៏មានភាពធ្ងន់ធ្ងរផងដែរ។ តាមការផ្សាយដំណឹងឱ្យដឹងថា បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចនៅអាមេរិក អស់រយៈពេលពីរអាទិត្យ នៅថ្ងៃទី២២ ខែវិច្ឆិកា លោក ដឺវ៉ាឡេណា អ្នករាយការណ៍ពិសេសអំពីបញ្ហាក្រុមមនុស្សចំនួនតិច របស់អង្គការសហប្រជាជាតិ បានចេញផ្សាយសេចកី្តថ្លែងការណ៍ ទៅកាន់ប្រព័ន្ធសារព័ត៌មាន ដោយបានលាតត្រដាង នូវការរើសអើងជាប្រព័ន្ធទៅលើក្រុមមនុស្សចំនួនតិចគ្រប់ប្រភេទ នៅអាមេរិកលើវិស័យជាច្រើន ដូចជាការបោះឆ្នោតជ្រើសរើស អប់រំ សាសនា យុត្តិធម៌និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទឧក្រិដ្ឋចងគំនុំជាដើម។ អ្នករាយការណ៍រូបនេះបានអះអាងថា អាមេរិកខ្វះនីតិប្បញ្ញតិ្តផ្នែកសិទ្ធិមនុស្សដោយគ្រប់ជ្រុងជ្រោយ របស់ប្រទេសជាតិដែលកាន់តែសមស្របនឹង កាតព្វកិច្ចខាងសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួន លោកដាស់តឿនអាមេរិកឱ្យធ្វើកំណែទម្រង់ខាងនីតិប្បញ្ញតិ្តឱ្យបានជ្រះស្រឡះ ដើម្បីបង្ការកុំឱ្យកើតមានការបដិក្ខគ្នា ការរើសអើងនិងពាក្យសំដីចងគំនុំ ក៏ដូចជាបទឧក្រិដ្ឋដែលសំដៅចំពោះក្រុមមនុស្សចំនួនតិចផងដែរ។

មិនដឹងថា តើអាមេរិកមានទីបង្អែកអីមកអួតអាងថាខ្លួនជា «អ្នកគាំពារសិទ្ធិមនុស្ស»? អ្វីដែលអាមេរិកគួរតែធ្វើ គឺប្រកាន់ឥរិយាបថដ៏ត្រឹមត្រូវ ចំពោះបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន ធ្វើការងាររបស់ខ្លួនឱ្យបានល្អ តែគឺមិនត្រូវថ្កោលទោសនិងដាក់សម្ពាធទៅលើ ប្រទេសផ្សេងទៀតតាមទំនើងចិត្ត ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស។ ចរិតអាក្រក់របស់អាមេរិកដែលតែងតែនិយាយឆ្ការដៃឆ្ការជើង និងប្រៀនប្រដៅចំពោះសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀត គួរតែកែតម្រូវហ្នឹងឯង !