(យូអិន)៖ ក្រុមអ្នកការទូត បាននិយាយថា កិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ទំនងជាមិនអនុញ្ញាតឱ្យក្រុមតាលីបង់ ឬរបបយោធាមីយ៉ាន់ម៉ា ចូលទៅតំណាងឱ្យប្រទេសរបស់ពួកគេ នៅឯស្ថាប័នពិភពលោកដែលមានសមាជិក ១៩៣ ប្រទេសនោះទេ។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន AP។

ក្រុមតាលីបង់ និងរបបយោធាមីយ៉ាន់ម៉ា សុទ្ធតែទាមទារអាសនៈនៅក្នុងសម័យប្រជុំ នាពេលបច្ចុប្បន្ននៃមហាសន្និបាត UN ដោយពួកគេជំទាស់នឹងឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលមុនៗ ដែលខ្លួនបានបណ្តេញចេញនៅឆ្នាំ២០២១នេះ។ ការទទួលស្គាល់ក្រុមតាលីបង់ ឬក៏របបយោធាមីយ៉ាន់ម៉ាដោយ UN នឹងក្លាយជាជំហានឆ្ពោះទៅរកការទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសទាំងពីរព្យាយាមចង់បានជាខ្លាំង។

គណៈកម្មាធិការសារតាំងនៃមហាសន្និបាត UN ដែលមានសមាជិកចំនួន០៩ ដែលរួមមានរុស្ស៊ី ចិន សហរដ្ឋអាមេរិក បាហាម៉ាស់ ប៊ូតាន ឈីលី ណាមីបៀ សៀរ៉ាឡេអូន និង ស៊ុយអែត នឹងជួបប្រជុំគ្នានៅទីស្នាក់ការ UN ដើម្បីពិចារណាថាសារតាំងទាំងអស់របស់សមាជិកទាំង ១៩៣ សម្រាប់សម័យប្រជុំនាពេលបច្ចុប្បន្ន នៃមហាសន្និបាត UN។

ជុំវិញបញ្ហានេះ អ្នកការទូត ០៤រូប បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា គណៈកម្មាធិការខាងលើនេះ ទំនងជានឹងពន្យារពេលចិន លើការសម្រេចចិត្តរបស់ពួកគេ អំពីអ្នកតំណាងរបស់អាហ្វហ្គានីស្ថាន និងអ្នកតំណាងរបស់មីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា គណៈកម្មាធិការខាងលើ នឹងបញ្ជូនរបាយការណ៍របស់ពួកគេស្តីពីសារតាំងរបស់សមាជិកទាំងអស់ ទៅកាន់មហាសន្និបាត UN សម្រាប់ការអនុម័តមុនដំណាច់ឆ្នាំ២០២១នេះ៕