(ប៉េកាំង)៖ ក្នុងឱកាស «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍» លើកទី ៣៤ ជិតចូលមកដល់ សកម្មភាពរំលឹក «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍» ឆ្នាំ ២០២១ និងរំលឹកខួប ១០ ឆ្នាំនៃសាលារៀនបូក្រហម Linfen បានប្រារព្ធធ្វើដោយជោគជ័យ។

លោកស្រី Peng Liyuan ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈបង្ការ និងគ្រប់គ្រងជំងឺរបេង/ជំងឺអេដស៍ នៃអង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍លើកទឹកចិត្ត ចំពោះសិស្សានុសិស្សនៃសាលារៀនបូក្រហម Linfen តាមប្រព័ន្ធវីដេអូ ដោយរំលឹកពីរឿងរ៉ាវជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលារៀននេះ ក្នុងអំឡុងពេល ១០ឆ្នាំកន្លងមកនេះ ហើយលើកទឹកចិត្តសិស្សានុសិស្ស ឱ្យរៀនសូត្រពីគំរូល្អៗជុំវិញខ្លួន ដើម្បីបន្តការបញ្ជូនសេចក្តីស្រឡាញ់ បង្កើនតម្រិះប្រាជ្ញា ផ្សព្វផ្សាយក្តីស្រឡាញ់ និងធំធាត់ឡើងដោយសប្បាយរីករាយ។

សកម្មភាពលើកនេះបានបង្ហាញពីវឌ្ឍនភាពដ៏វិជ្ជមាន នៃការងារបង្ការ និងគ្រប់គ្រងជំងឺអេដស៍របស់ប្រទេសចិន ហើយក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់របស់បក្ស និងរដ្ឋចំពោះអ្នកឆ្លងជំងឺអេដស៍ និងកុមារដែលបានរងផលប៉ះពាល់ពីជំងឺអេដស៍ ព្រមទាំងអំពាវនាវឱ្យសង្គមទាំងមូល រួមសាមគ្គីគ្នាដើម្បីលុបបំបាត់ជំងឺអេដស៍ សំដៅរួមចំណែកក្នុងការពន្លឿនការកសាងប្រទេសចិន ប្រកបដោយសុខភាពល្អ៕