(តូក្យូ)៖ នៅថ្ងៃពុធនេះ ជប៉ុនបានប្រកាសពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ទី ២ របស់ខ្លួន ដោយករណីឆ្លងនោះ គឺជាអ្នកដំណើរមកពីប្រទេសប៉េរូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

បើតាមប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ៊្សូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) បុរសម្នាក់ដែលមានវ័យខ្ទង់ ២០ឆ្នាំបានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 បំប្លែងថ្មី Omicron នៅពេលធ្វើដំណើរពីប្រទេសប៉េរូ មកដល់អាកាសយានដ្ឋាន ណារីតា (Narita) ដែលស្ថិតនៅក្បែរទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ហើយនាពេលបច្ចុប្បន្ននេះ កំពុងដាក់ឱ្យនៅដាច់ដោយឡែក និងកំពុងទទួលការព្យាបាលហើយ។

បើតាមអាជ្ញាធរជប៉ុន បុរសខាងលើនេះមិនធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយករណីឆ្លង Omicron ទី ១ ដែលជាអ្នកការទូតម្នាក់មានវ័យខ្ទង់ ៣០ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសណាមីប៊ី នៃភាគខាងត្បូងទ្វីបអាហ្រ្វិកនោះទេ។

ជុំវិញបញ្ហានេះ លោក Hirokazu Matsuno បាននិយាយថា ប្រទេសជប៉ុន នឹងហាមឃាត់ជនបរទេសទាំងអស់ ដែលទើបធ្វើដំណើរទៅកាន់ប្រទេសអង់ហ្គោឡា (Angola), បុតស្វាណា (Botswana), អេស្វាទីនី (Eswatini), ឡេសូថូ (Lesotho), ម៉ាឡាវី (Malawi), ម៉ូហ្សំប៊ិគ (Mozambique), ណាមីប៊ី (Namibia), អាហ្រ្វិកខាងត្បូង (S.A), ហ្សំប៊ី (Zambia) និងហ្ស៊ីមបាវ៉េ (Zimbabwe) ចូលមកកាន់ប្រទេសវិញ ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះតទៅ៕