(ប្រេស៉ីឡា)៖ រដ្ឋធានីប្រេស៉ីឡា (Brasilia) នៃប្រទេសប្រេស៊ីល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ចំនួន ០២ករណី ដែលធ្វើឱ្យចំនួនករណីវិជ្ជមានសរុបនៃវីរុសបំប្លែងថ្មី នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះកើនឡើងដល់ ០៥ករណីបន្ទាប់ពីការរកឃើញ ០៣ករណីដំបូងនៅទីក្រុង សៅ ប៉ូឡូ (Sao Paulo)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

មន្ត្រីក្នុងរដ្ឋធានី Brasilia បានគូសបញ្ជាក់ថា ក្នុងចំណោមករណីខាងលើនេះ មាន ១ករណីពាក់ព័ន្ធនឹងអ្នកដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវបានធ្វើតេស្តរកជំងឺ COVID-19 កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ហើយបានឃើញលទ្ធផល «វិជ្ជមាន» ចំពោះវីរុសបំប្លែងថ្មី Omicron។ អ្នកជំងឺត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ ចាប់តាំងពីមកដល់រដ្ឋធានី Brasilia បើទោះបីជាមិនមានរោគសញ្ញានៃជំងឺក៏ដោយ។

គួរបញ្ជាក់ថា ប្រទេសអាហ្រ្វិកខាងត្បូង បានជូនដំណឹងដល់អង្គការសុខភាពពិភពលោក (WHO) អំពីវត្តមាននៃវីរុសបំប្លែងថ្មី Omicron នៅថ្ងៃទី២៤ ខែវិច្ឆិកា។ បើតាមអង្គការ WHO វីរុសបំប្លែងថ្មី Omicron បានឆ្លងកាត់ការបំប្លែងខ្លួនច្រើនដងបំផុត បើធៀបនឹងមេរោគ COVID-19 បំប្លែងខ្លួនមុនៗដែលយើងធ្លាប់បានស្គាល់ ហើយបានចាត់ទុកថា «វាជាវីរុសដែលគួរឲ្យព្រួយបារម្ភខ្លាំងបំផុត» ខណៈការស្វែងយល់អំពីឥទ្ធិពលពិតប្រាកដរបស់វា នៅតែកំពុងបន្តនៅឡើយ៕