(ញូយ៉ក)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានរកឃើញ ករណីវិជ្ជមាននៃវីរុស COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) សរុប ១០ករណីហើយ នៅក្នុងរដ្ឋចំនួន ៥ ដូចជា កាលីហ្វ័រញ៉ា, មីនណេស៊ូតា, ញូយ៉ក, ខូឡូរ៉ាដូ និងចុងក្រោយគេគឺរដ្ឋហាវ៉ៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

ក្នុងចំណោមរដ្ឋទាំង ៥ ខាងលើនេះ រដ្ឋញូយ៉កបានរកឃើញអ្នកផ្ទុកវីរុសបំប្លែងថ្មី Omicron នេះច្រើនជាងគេរហូតដល់ ៥ករណី ខណៈករណីទាំងអស់សុទ្ធតែជាអ្នក ដែលបានធ្វើដំណើរមកពីតំបន់អាហ្វ្រិកខាងត្បូង និងមួយករណីនៅញួយ៉ក គឺជាប្រជាជនធម្មតា ដែលមិនទាន់ដឹងអំពីដំណើរដើមទង នៃការឆ្លងវីរុសនេះឲ្យបានច្បាស់លាស់នៅឡើយ។

ជុំវិញបញ្ហាខាងលើនេះ អភិបាលរដ្ឋញូយ៉កលោកស្រី ខេធី ហូខុល (Kathy Hochul) បានលើកឡើងថា «ពុំទាន់មានអ្វីដែលត្រូវឲ្យយើង ប្រកាសអាសន្ននៅឡើយទេ។ យើងមិនទាន់មានព័ត៌មានអ្វី បន្ថែមទៀតទេនៅពេលនេះ ប៉ុន្តែយើងសង្ស័យថា នឹងមានករណីឆ្លងជាច្រើនទៀតកើតឡើង ហើយអ្វីដែលល្អបំផុត ដែលអាចធ្វើបាននៅពេលនេះ គឺគ្រប់គ្នាត្រូវដឹងថា យើងមិនមែនគ្មានការការពារសោះ ប្រឆាំងនឹង Omicron នេះឡើយ ព្រោះកន្លងមកយើងបានចាក់វ៉ាក់សាំង...»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសដាក់ចេញនូវវិធានការថ្មីៗ ដើម្បីទប់ទល់វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) តាំងតែពីករណីវិជ្ជមានទី ២ នៃមេរោគបំប្លែងថ្មីនេះ ត្រូវបានរាយការណ៍ចេញពីរដ្ឋ មីណេសូតា (Minnesota) មកម្ល៉េះ។

វិធានការទប់ស្កាត់មេរោគបំប្លែងថ្មី ដែលលោក ចូ បៃដិន ទើបបានប្រកាសចេញ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺផ្តោតសំខាន់បំផុតទៅលើការបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក និងការធ្វើតេស្តយ៉ាងហ្មត់ចត់នៅតាមអាកាសយានដ្ឋាន និងច្រកព្រំដែនសហរដ្ឋអាមេរិក។ លោក ចូ បៃដិន ក៏មានផែនការជំរុញឲ្យ «ពាក់ម៉ាសជានិច្ច» សម្រាប់អ្នកធ្វើដំណើរតាមយន្តហោះ នៅទូទាំងសហរដ្ឋអាមេរិកផងដែរ៕