(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៣២,៨២២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៦៤នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,៧១៦,៨២៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៦,៣៩៨នាក់ និងជាសះស្បើយឡើងសរុប ៣៩.៣៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដាក់ចេញនូវវិធានការទប់ស្កាត់មេរោគបំប្លែងថ្មី Omicron ដោយផ្តោតសំខាន់បំផុតទៅលើការបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក និងការធ្វើតេស្តយ៉ាងហ្មត់ចត់ នៅតាមអាកាសយានដ្ឋាន និងច្រកព្រំដែនសហរដ្ឋអាមេរិក។ លោក ចូ បៃដិន ក៏មានផែនការជំរុញឲ្យ «ពាក់ម៉ាសជានិច្ច» សម្រាប់អ្នកធ្វើដំណើរតាមយន្តហោះ នៅទូទាំងសហរដ្ឋអាមេរិកផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៦៤លានដូស ក្នុងនោះប្រជាជន ២៣៤.២៧លាននាក់ (៧១.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៦.៣៣លាននាក់ (៥៩.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៤២.៩លាននាក់ (១៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕