(ហ្សឺណែវ)៖ អាជ្ញាធរទីក្រុងហ្សឺណែវ (Geneva) និង វ៉ូដ (Vaud) នៃប្រទេសស្វីស បានសម្រេចដាក់មនុស្សសរុប ២,០០០នាក់ ឲ្យធ្វើចត្តាឡីស័កបន្ទាប់ពីករណី «វិជ្ជមាន» វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន ២ករណី ត្រូវបានរកឃើញ ខណៈសាលារៀនអន្តរជាតិមួយបានជាប់ពាក់ព័ន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

អង្គការសុខភាពពិភពលោក (WHO) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង ហ្សឺណែវ បានសម្រេចកាលពីសប្តាហ៍មុននេះថា វីរុសបំប្លែងថ្មី COVID-19 «អូមីក្រុង» ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូងនោះ គឺជាវីរុស «ស្ថិតក្នុងក្តីព្រួយបារម្ភខ្លាំង»។ នៅក្នុងសប្តាហ៍នេះ បុគ្គលម្នាក់ដំបូងដែលបានធ្វើដំណើរ មកពីប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះវីរុសនេះ ហើយក្រោមមកទៀតទើបបុគ្គលកទី ២ ដែលស្និទ្ធនឹងបុគ្គលទី ១ ត្រូវបានធ្វើតេស្តវិជ្ជមានដូចគ្នា។

បើតាមអាជ្ញាធរស្វីស បុគ្គលមានផ្ទុកវីរុស Omicron ទាំងពីរនាក់ខាងលើនេះ បានចូលរួមក្នុងកម្មវិធីមួយ នៅឯសាលារៀនអន្តរជាតិទីក្រុងហ្សឺណែវ នៅក្នុងសប្តាហ៍នេះតែម្តង ហេតុដូច្នេះរាល់សិស្សសាលា, គ្រូបង្រៀន និងអ្នកពាក់ព័ន្ធក្នុងកម្មវិធីនោះទាំងអស់ សរុបចំនួន ២,០០០នាក់ ដែលត្រូវបានគេដឹងថា ជាអ្នករស់នៅទីក្រុងហ្សឺណែវ និងវ៉ូដ ត្រូវបានសម្រេចឲ្យធ្វើចត្តាឡីស័កជាបន្ទាន់។ នៅក្នុងចំណោមអ្នកធ្វើចត្តាឡីស័កទាំងអស់ខាងលើនេះ ជាង ១,៦០០នាក់គឺជាកុមារ៕