(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងកោតសរសើរចំពោះ ក្រុមហ៊ុនផលិតវ៉ាក់សាំងនានា ដែលបាននិងកំពុងធ្វើការអភិវឌ្ឍ ឬបង្កើនប្រសិទ្ធភាពវ៉ាក់សាំងរបស់ពួកគេ ដើម្បីឲ្យអាចទប់ទល់វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ខណៈប្រទេសកាន់តែច្រើនឡើងៗហើយ បានប្រកាសរកឃើញវត្តមាននៃវីរុសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។
ក្រៅពីបានថ្លែងកោតសរសើរដូចខាងលើនេះ, អ្នកនាំពាក្យ WHO លោក គ្រីស្ទាន លីនម៉ៃយើរ (Christian Lindmeier) ក៏បានលើកឡើងផងដែរថា អង្គការនេះបាននិងកំពុងតាមដាននៅឡើយ ចំពោះឥទ្ធិពលនៃវីរុសបំប្លែងថ្មី Omicron និងភាពធ្ងន់ធ្ងររបស់វា នៅក្រោយពេលដែលមនុស្សឆ្លងវីរុសនេះ។
គួរបញ្ជាក់ថា កន្លងមកនេះក្រុមហ៊ុនផលិតឱសថអាមេរិក Novavax និង Moderna ជាដើម សុទ្ធតែបានអះអាងអំពីការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ដើម្បីឲ្យពួកវាអាចទប់ទល់នឹងមេរោគបំប្លែងថ្មី Omicron ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង និងអង់គ្លេសជាដើមអះអាងថា មានសមត្ថភាពចម្លងខ្លាំងជាង មេរោគបំប្លែងខ្លួន Delta និងអាចយកឈ្នះលើវ៉ាក់សាំងនានាបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ មិនទាន់មានករណីស្លាប់ណាមួយ ដែលត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងវីរុស Omicron នោះឡើយ គិតចាប់តាំងពី WHO បានដាក់វីរុសនេះជាវីរុសស្ថិតក្នុង «ក្តីព្រួយបារម្ភ» មួយសប្តាហ៍មកនេះ។ សម្រាប់ក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់ BioNTech ក៏កំពុងសិក្សាអំពីការទប់ទល់មេរោគបំប្លែងថ្មី Omicron នេះផងដែរ៕