(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បរារាំងកុំឱ្យរុស្ស៊ីបើកការវាយប្រហារលើ ប្រទេសអ៊ុយក្រែន ដែលក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកព្រមានថាអាចនឹងកើតឡើងនៅខែមករា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។
សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានអះអាងថារុស្ស៊ីបានប្រមូលផ្ដុំកងទ័ពក្នុងចំនួនដ៏ច្រើន នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ហើយចោទប្រកាន់ទីក្រុងម៉ូស្គូថាកំពុងរៀបចំផែនការ វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន។ ប៉ុន្តែ ខាងរុស្ស៊ីបានច្រានចោលការចោទប្រកាន់បែបនេះ។ យ៉ាងណាក៏ដោយ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ចូ បៃដិន បានបញ្ជាក់ជាថ្មីពីជំហររបស់សហរដ្ឋអាមេរិក ដើម្បីការពារអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីរារាំង និងបង្កឧបសគ្គកុំឱ្យរុស្ស៊ីអនុវត្តផែនការវាយប្រហារណាមួយ។
គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង កិច្ចប្រជុំតាមវីដេអូមួយរវាងលោក ចូ បៃដិន និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អាចនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ។ តែខាង សេតវិមានមិនទាន់អត្ថាធិប្បាយអ្វីនៅឡើយទេ។ រុស្ស៊ីត្រូវបានគេរាយការណ៍ថាបានប្រមូលផ្ដុំកងទ័ពជិត ១០០,០០០នាក់នៅក្បែរព្រំដែនអ៊ុយក្រែន ហើយចំនួនកងទ័ព ដ៏ច្រើននេះបង្កការព្រួយបារម្ភថាទីក្រុងម៉ូស្គូកំពុងត្រៀមលក្ខណៈវាយប្រហារលើអ៊ុយក្រែន៕