(ប៉េកាំង)៖ នៅថ្ងៃអរព្រះគុណរបស់អាមេរិក សមាជិកនៃកុលសម័្ពន្ធជនជាតិដើមភាគតិច នៃទ្វីបអាមេរិក ដែលមកពីតំបន់ New England នៃសហរដ្ឋអាមេរិក បានធ្វើមីទីញដើម្បីរំលឹកពី «ជនជាតិដើមភាគតិចរាប់លាននាក់ ដែលទទួលរងអំពើប្រល័យពូជសាសន៍ ការទន្រ្ទានកាន់កាប់ដីធ្លី និងការរំលោភបំពានវប្បធម៌យ៉ាងគឃ្លើន»។ អ្នកនយោបាយអាមេរិកទាំងនោះ ដែលកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ កុំធ្វើពុតជាមិនបានឮសំឡេងស្រែកបន្ទរយ៉ាងក្រៀមក្រំ និងការចោទប្រកាន់របស់ជនជាតិដើមភាគតិច នៃទ្វីបអាមេរិកឱ្យសោះ!។

ក្នុងនាមជាជនជាតិដើមភាគតិចនៃទ្វីបអាមេរិក ជនជាតិឥណ្ឌាអាមេរិកកាំងធ្លាប់ជួយពួកអាណានិគម ដែលបានមកដល់ដីគោកទ្វីបអាមេរិកខាងជើង កាលជំនាន់ពីមុន ប៉ុន្តែអ្វីដែលពួកគេទទួលបាននោះគឺ ការប្រល័យពូជសាសន៍ និងការរើសអើងពូជសាសន៍។ ការត្រូវបានគេសម្លាប់រង្គាល ការត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ និងត្រូវបានគេបំភ្លេចចោល សោកនាដកម្មពូជសាសន៍របស់ជនជាតិឥណ្ឌាអាមេរិកាំង បានកើតឡើងក្នុងសង្គមអាមេរិកជាបន្តបន្ទាប់។

នាពេលបច្ចុប្បន្ននេះ ពូជសាសន៍និយមនៅតែរាតត្បាតយ៉ាងធ្ងន់ធ្ងរ នៅសហរដ្ឋអាមេរិកដដែល ដែលធ្វើឱ្យជនជាតិភាគតិចនៅអាមេរិក ទទួលរងការឈឺចាប់ដោយសារ «មិនអាចដកដង្ហើមបាន»។ ពីរឿងរបស់លោក George Floyd ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ដែលត្រូវប៉ូលិសអាមេរិកស្បែកស យកជង្គង់សង្កត់ករហូតដល់ស្លាប់កាលពីឆ្នាំមុន រហូតដល់នៅក្រុង Atlanta បានកើតឡើងករណីបាញ់ប្រហារជាបន្តបន្ទាប់នៅឆ្នាំនេះ ដែលបណ្តាលឱ្យស្ត្រីដើមកំណើតអាស៊ីចំនួន ៦នាក់បានស្លាប់ ពីការរើសអើងពូជសាសន៍ ដែលបានបណ្តែតបណ្តោយទៅជាទម្លាប់ ក្នុងប្រព័ន្ធអនុវត្តច្បាប់ រហូតដល់ការប្រកាន់ពូជសាស៍ក្នុងវិស័យឱកាសការងារ និងជីវភាពរស់នៅរបស់ប្រជាជននៃអាមេរិក «ជំងឺពូជសាសន៍» របស់អាមេរិកបានចាក់ឬសយ៉ាងមាំ ក្នុងផ្នត់គំនិតរបស់មនុស្សយូរហើយ។

យោងតាមការស្ទង់ប្រជាមតិមួយច្បាប់ ដែលធ្វើដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew អាមេរិកនៅចុងខែតុលាឆ្នាំនេះបានបង្ហាញឱ្យឃើញថា ជនជាតិអាមេរិកចំនួន ៧៤ភាគរយសម្គាល់ឃើញថា ការរើសអើងពូជសាសន៍ គឺជាបញ្ហាធ្ងន់ធ្ងរក្នុងសង្គមអាមេរិក។ សូម្បីតែមេដឹកនាំអាមេរិកក៏បានទទួលស្គាល់ដែរថា ការរើសអើងពូជសាសន៍ជាប្រព័ន្ធគឺជា «ស្នាមប្រឡាក់លើព្រលឹង» របស់អាមេរិក ។

សហរដ្ឋអាមេរិកសព្វថ្ងៃនេះ ដោយសារទស្សនៈស្តីពីការតម្កល់ទុក ផលប្រយោជន៍របស់ជនជាតិស្បែកសជាចម្បង បានដក់ក្នុងផ្នត់គំនិតរបស់មនុស្សជាយូរណាស់ហើយ ថែមទាំងការមិនបំពេញភារកិច្ច រហូតដល់ការបណ្តែតបណ្តោយញុះញង់យ៉ាងគឃ្លើន របស់អ្នកនយោបាយមួយចំនួន ដូច្នេះពូជសាសន៍និយមបានស្ថិតនៅក្នុងសង្គមអាមេរិក ជាសកល ជាប្រព័ន្ធ និងជានិរន្តរភាព។ ប្រការនេះបានបណ្តាលឱ្យសិទ្ធិមនុស្សរបស់ ជនជាតិភាគតិចអាមេរិក ត្រូវបានរំលោភបំពានលើគ្រប់វិស័យ ដូចជា ការបែងចែកទ្រព្យសម្បត្តិ សុខភាព ឱកាសការងារ ការអប់រំ និងការចូលរួមកិច្ចការនយោបាយជាដើម ហើយធ្វើឱ្យ «ស្នាមប្រឡាក់លើព្រលឹង» របស់អាមេរិកមានសភាពកាន់តែធ្ងន់ធ្ងរជាបន្តបន្ទាប់។

ប្រជាធិបតេយ្យជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល តែមិនអាចសម្រេចដោយប្រទេសណាមួយបានទេ។ សហរដ្ឋអាមេរិកដែលបាននិងកំពុងស្ថិតក្នុង ភាពជាប់គាំងផែ្នកប្រជាធិបតេយ្យ មិនអាចក្លាយជា «ចៅក្រមប្រជាធិបតេយ្យ» ឬក៏មិនអាចក្លាយជា «គំរូ» នៃប្រជាធិបតេយ្យសកលផងដែរ។ អ្វីដែលហៅថា កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ ពិតជានឹងទទួលបរាជ័យតាំងពីដើមមកជាក់ជាមិនខាន៕