(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកលើកទី៨ ប្រទេសចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងផ្តល់ វ៉ាក់សាំងជំងឺកូវីដ១៩ របស់ចិនចំនួន១ពាន់លានដូសបន្ថែមទៀតដល់អាហ្វ្រិក។ ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃតំបន់អាហ្វ្រិក ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បានសម្គាល់ឃើញថា វ៉ាក់សាំងរបស់ចិនជា «ភ្លៀងទាន់ពេលវេលា» ដែលមានសារសំខាន់ណាស់ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងទប់ស្កាត់ការរីករាលដាល នៅអាហ្វ្រិក។

ប្រទេសចិនជាប្រទេសដែលបានគ្រប់គ្រង់ការរីករាលដាលជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធិភាពមុនគេ បានស្តារផលិតកម្មឡើងវិញមុនគេ និងសម្រេចបាននូវការកែប្រែពីកំណើន សេដ្ឋកិច្ចអវិជ្ជមានទៅជាកំណើនវិជ្ជមានមុនគេ ប្រទេសចិនក៏ជាប្រទេសដែលបានផ្តល់វ៉ាក់សាំងច្រើនជាងគេដល់ប្រទេសបណ្តានានានៅលើពិភពលោកផងដែរ។ បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅមិនទាន់បញ្ចប់នៅឡើយ វីរុសនៅតែរាតត្បាតដដែល ដូចច្នេះការលុបបំបាត់ «គម្លាតខាងភាពស៊ាំនឹងរោគ» និងជំរុញការចែកចាយវ៉ាក់សាំង ដោយស្មើភាព ជាការសាកល្បងធំដែលសហគមន៍អន្តរជាតិបាននឹងកំពុងប្រឈមមុខ។

គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងលើសពី ១,៨០០លានដូស ដល់ប្រទេស និងអង្គការអន្តរជាតិចំនួនជាង១២០ បានរួមចំណែកជាបន្តបន្ទាប់ដើម្បី លើកកម្ពស់ភាពអាចទទួលបាននិងភាពអាចរ៉ាប់រងបានរបស់វ៉ាក់សាំងកូវីដ១៩ នៅប្រទេសកំពុងអភិវឌ្ឍន៍។ វ៉ាក់សាំងរបស់ចិនត្រូវបានដឹកជញ្ជូនទៅកាន់បរទេស ជាបន្តបន្ទាប់ ហើយបានក្លាយជាម្ចាស់ជំនួយវ៉ាក់សាំងលើកដំបូងដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទទួលបាន វ៉ាក់សាំងរបស់ចិនទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីសំណាក់ សហគមន៍អន្តរជាតិ។

ប្រទេសចិនមិនគ្រាន់តែផ្តល់ផលិតផលវ៉ាក់សាំងជាច្រើនដល់បរទេសប៉ុណ្ណោះទេ ថែមទាំងបានខិតខំប្រឹងប្រែងស្វែងរកកិច្ចសហការផលិតវ៉ាក់សាំងនៅបរទេសទៀតផង។ ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបទី៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងប្រទេសចិន និងអាស៊ានដែលបានបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានប្រកាសថានឹងផ្តល់ ម្តងទៀតនូវជំនួយវ៉ាក់សាំងជំងឺកូវីដ១៩ ឥតគិតថ្លៃចំនួន ១៥០លានដូសដល់បណ្ដាប្រទេសអាស៊ាន និងផ្តល់ទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិកបន្ថែមទៀតដល់មូលនិធិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ របស់អាស៊ាន ក៏ដូចជានឹងពង្រីកកិច្ចសហប្រតិបតិ្តការផលិតវ៉ាក់សាំង និងផេ្ទរបច្ចេកទេសពាក់ព័ន្ធជាដើម។

ជំនួយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសចិន មានភាពខុសគ្នាយ៉ាងជ្រះស្រឡះជាមួយនឹងប្រទេសធំៗមួយចំនួនដែលព្រងើយមិនអើពើ នឹងការរីករាលដាល នៃជំងឺកូវីដ១៩ របស់ប្រទេសដទៃ ប្រទេសចិនបានខិតខំអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីផ្តល់វ៉ាក់សាំងឱ្យបានកាន់តែច្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានរួមវិភាគទាន របស់ចិនក្នុងការជំរុញការចែកចាយ និងប្រើប្រាស់វ៉ាក់សាំងដោយស្មើភាពនៅលើពិភពលោកទាំងមូល។ ថ្នាក់ដឹកនាំសំខាន់ៗ នៃប្រទេសជាច្រើនបានអញ្ជើញទៅកាន់ ព្រលានយន្តហោះ ដើម្បីចូលរួមពិធីប្រគល់និងទទួលវ៉ាក់សាំង និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ចិន ហើយបាននាំមុខចាក់វ៉ាក់សាំងចិន វ៉ាក់សាំងចិនក៏ទទួល បានការទទួលស្គាល់ជាទូទៅពីសំណាក់ប្រជាជនក្នុងតំបន់ផងដែរ។

ថ្ងៃទី១៧ ខែវិច្ឆិកា វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនជាថ្មីម្តងទៀតត្រូវបានដឹកជញ្ជូនមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្នុងពិធីប្រគល់ និងទទួលដែលបានធ្វើឡើងយ៉ាងឱឡារិកនៅថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជាបានថ្លែងថា ដោយទទួលបានជំនួយពីរដ្ឋាភិបាលចិនការងារ បង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាទទួលបានការរីកចម្រើនយ៉ាងរលូន។ បើសិនជាគ្មានជំនួយចិនជាបន្តបន្ទាប់ នោះការងារបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់ ប្រទេសកម្ពុជាប្រហែលជាគ្មានសង្ឃឹមទេ។

តាមលទ្ធផលនៃស្ថិតិពាក់ព័ន្ធរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ក្នុងចំណោមប្រជាជនកម្ពុជាចំនួនជាង១៦លាននាក់ យ៉ាងតិចណាស់ មានចំនួនជាង ១៤លាននាក់ បានចាក់វ៉ាក់សាំងដូសទីមួយរួចហើយ ក្នុងនោះមានចំនួនលើសពី១៣លាន២សែននាក់បានចាក់វ៉ាក់សាំងដូសទីពីរ។ គួររំលឹកផងដែរថាវ៉ាក់សាំងជំងឺកូវដី១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់នោះ មានចំនួនជិត៩០ភាគរយជាជំនួយពីរដ្ឋាភិបាលចិន។ ទាក់ទិននឹងប្រការនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនាពេលថ្មីៗកន្លងទៅនេះថា ចិន និងកម្ពុជាជាមិត្តដែកថែប ប្រទេសចិននឹងផ្តល់ការគាំទ្រដល់កម្ពុជាដូចកាលពីមុនដើម្បីទល់ទប់ នឹងជំងឺកូវីដ១៩ ការរីករាលដាលនៃជំងឺឆ្លងមិនបញ្ចប់ ជំនួយរបស់ចិនទៅកាន់កម្ពុជាក៏មិនបញ្ចប់ដែរ។

ការរីករាលដាលនៃវីរុសគ្មានព្រំដែនទេ វីរុសបម្លែងថ្មីនៅតែឆ្លងរាលដាល ការពន្លឿនការចាក់វ៉ាក់សាំង និងលើកកម្ពស់ភាពអាចទទួលបាននៅប្រទេសកំពុងអភិវឌ្ឍន៍ ក៏មានសភាពកាន់តែបន្ទាន់។ វ៉ាក់សាំងរបស់ចិនត្រូវគេចាត់ទុកថាជា «ភ្លៀងទាន់ពេលវេលា» ប៉ុន្តែគ្រាន់តែពឹងផ្អែកប្រទេសណាមួយ ក៏មិនអាចជួយប្រទេសកំពុងអភិវឌ្ឍន៍ ដោះស្រាយបញ្ហា «គម្លាតខាងភាពស៊ាំនឹងរោគ» ទាំងស្រុងនោះទេ។ បណ្តាប្រទេសនានាលើសកលលោកគួរតែបង្កើនការសាមគ្គីគ្នានិងកិច្ចសហប្រតិបតិ្តការ រួមគ្នាបង្កើត «មហាកំពែងភាពស៊ាំនឹងរោគ» នេះទើបជាផ្លូវចេញត្រឹមត្រូវតែមួយគត់សម្រាប់មនុស្សជាតិ ដើម្បីយកឈ្នះលើជំងឺកូវីដ១៩៕