(ណៃពិដោ)៖ នៅទីបំផុតតុលាការក្នុងរដ្ឋធានីណៃពិដោ នៃសហភាពមីយ៉ាន់ម៉ា បានចេញសាលក្រមហើយ ដោយក្នុងនោះបានសម្រេចកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំទៅហើយនោះ «ជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ» ពាក់ព័ន្ធនឹងបទល្មើសទៅលើ វិធានការទប់ស្កាត់ជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់ប្រភពចេញពីមន្ត្រីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

ខាងលើនេះ ត្រឹមតែជាការសម្រេចទោសទណ្ឌមួយករណី ក្នុងចំណោមបទចោទប្រកាន់ទាំង ១១ករណី ទៅលើរូបលោកស្រី អោង សាន ស៊ូ ជី ប៉ុណ្ណោះ។ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន New York Times កាលពីចុងសប្តាហ៍នេះថា ប្រសិនបើលោកស្រី ស៊ូ ជី ត្រូវបានតុលាការស្ថិតក្នុងរបបយោធាមីយ៉ាន់ម៉ា សម្រេចផ្តន្ទាទោសទៅតាម ការចោទកាន់ទាំងអស់មែននោះ លោកស្រីនឹងអាចជាប់ពន្ធនាគារ យ៉ាងហោចណាស់ក៏ ១០២ឆ្នាំដែរ ហើយវាក៏នឹងមានន័យថា ជីវិតនយោបាយរបស់លោកស្រីត្រូវបញ្ចប់ផងដែរ។

គួរបញ្ជាក់ថា ខាងលើនេះ គឺជាការសាលក្រមផ្តន្ទាទោសលើកដំបូងហើយ គិតចាប់តាំងពីលោកស្រី អោង សាន ស៊ូ ជី ត្រូវបានចាប់ឃុំខ្លួនក្រោយរដ្ឋប្រហារផ្ទុះឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ការសម្រេចក្តីត្រូវបានធ្វើឡើង នៅរដ្ឋធានីណៃពិដោ ដោយមិនមានការអនុញ្ញាតឲ្យសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ចូលទៅយកព័ត៌មាននោះឡើយ។ បន្ថែមពីនេះ មេធាវីទាំងអស់របស់លោកស្រី ស៊ូ ជី ក៏ត្រូវបានហាមឃាត់ មិនឲ្យធ្វើការឆ្លើយឆ្លងណាមួយ ជាមួយក្រុមអ្នកសារព័ត៌មាននោះដែរ ដោយស្ថិតក្នុងហេតុផលនៃការរក្សាសន្តិសុខជាតិ៕