(បាងកក)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃចន្ទនេះថា «ករណីវិជ្ជមានដំបូង» នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ត្រូវបានរកឃើញហើយ នៅក្នុងប្រទេសអាស៊ានមួយនេះ គឺទៅលើពលរដ្ឋអាមេរិកាំងម្នាក់ ដែលបានធ្វើដំណើរពីប្រទេសអេស្ប៉ាញ ចូលមកកាន់ប្រទេសថៃកាលពីខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នារសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក អូប៉ាស កានកាវីនពង្ស (Opas Karnkawinpong) អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ ដែលចំណុះឲ្យក្រសួងសុខាភិបាលថៃ បានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះទៀតថា ការរកឃើញខាងលើនេះ បានធ្វើឲ្យថៃក្លាយជាប្រទេសទី ៤៧ នៅលើពិភពលោក ដែលបានរកឃើញវត្តមាននៃមេរោគបំប្លែងថ្មី Omicron ដែលត្រូវបាន អង្គការសុខភាពពិភពលោក (WHO) ចាត់ទុកជា «វីរុសស្ថិតក្នុងក្តីព្រួយបារម្ភ»។

លោក Opas បានលើកឡើងយ៉ាងដូច្នេះថា «ករណីវិជ្ជមានដំបូងនៃវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញលើបុរសអាមេរិកាំងវ័យ ៣៥ឆ្នាំម្នាក់ ដែលបានរស់នៅប្រទេសអេស្ប៉ាញ អស់រយៈពេលមួយឆ្នាំមកហើយ និងបានធ្វើដំណើរមកដល់ប្រទេសថៃ (កាលពីអំលុងចុងខែវិច្ឆិកា)»។ អាជ្ញាធរថៃក៏បានធ្វើតេស្ត ទៅលើអ្នកពាក់ព័ន្ធជាមួយនឹង ករណីវិជ្ជមានទី ១ នេះទាំងអស់ផងដែរ ប៉ុន្តែពួកគេទំនងជាមានហានិភ័យនៃការឆ្លងទាបប៉ុណ្ណោះ, នេះបើតាមការគូសបញ្ជាក់បន្ថែមដោយលោក Opas។

គួរបញ្ជាក់ថា ប្រទេសថៃកន្លងមកនេះ ក៏បានដាក់បម្រាមលើការធ្វើដំណើរ ពីប្រទេសតំបន់អាហ្វ្រិកខាងត្បូងចំនួន ៨ ផងដែរ ដូចជាប្រទេសអាហ្វ្រិកខាងត្បូង, បុតស្វាណា, ហ្ស៊ីមបាបវ៉េ, ណាមីប៊ី, ឡេសូតូ, អេស្វាទីនី, ម៉ូហ្សំប៊ីក និងម៉ាឡាវីជាដើម ដោយបានចាប់ផ្តើមអនុវត្តរួចមកហើយ ចាប់ពីដើមខែធ្នូនេះតទៅ ខណៈការត្រួតពិនិត្យលើអ្នកដំណើរមកពីបរទេស ត្រូវបានរឹតបន្តឹង៕