(ឡុងដ៍)៖ របាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះបានឱ្យដឹងថា ទ្វីបអាហ្រ្វិកមានឱកាសតិចតួចបំផុត ដើម្បីយកឈ្នះលើ COVID-19 រហូតទាល់តែប្រជាជន ៧០ភាគរយនៃទ្វីបមួយនេះ ទទួលបានការចាក់វ៉ាក់សាំងពេញលេញ នៅត្រឹមដំណាច់ឆ្នាំ២០២២។ ប៉ុន្តែការរើសអើងផ្នែកវ៉ាក់សាំងកំពុងបង្កការរាំងស្ទះ ដល់ដំណើរឆ្ពោះទៅរកគោលដៅមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

បើតាមរបាយការណ៍ស្ដីពី COVID-19 ក្នុងទ្វីបអាហ្វ្រិកខាងលើចេញផ្សាយដោយមូលនិធិ ម៉ូ អ៊ីប្រាហ៊ីម (Mo Ibrahim Foundation) មកទល់នឹងពេលនេះ មានតែប្រទេសអាហ្វ្រិកចំនួន ៥ ប៉ុណ្ណោះ នៅក្នុងចំណោមប្រទេសសរុបទាំង ៥៤ នៃទ្វីបអាហ្វ្រិក កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាន នូវគោលដៅចាក់វ៉ាក់សាំងបង្ការ COVID-19 តាមការកំណត់របស់ អង្គការសុខភាពពិភពលោក (WHO) ដែលចង់ចាក់វ៉ាក់សាំងបង្ការឱ្យ ៤០ភាគរយនៃប្រជាជនអាហ្វ្រិក នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។

លើសពីនេះទៅទៀត របាយការណ៍នេះដដែលក៏បានឱ្យដឹងដែរថា ប្រជាជនម្នាក់ក្នុងចំណោមប្រជាជនអាហ្វ្រិក ១៥នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការពេញលេញ ធៀបទៅនឹង ៧០ភាគរយនៃប្រជាជននៅតាមបណ្ដាប្រទេស ដែលជាសមាជិកក្រុមប្រទេសអ្នកមាន G20។

គួរបញ្ជាក់ថា បើតាមមូលនិធិ Mo Ibrahim Foundation ការផ្ទុះឡើងនូវវីរុសបំប្លែងថ្មី Omicron នៅតំបន់ប៉ែកខាងត្បូងនៃទ្វីបអាហ្វ្រិក វាបានបង្ហាញកាន់តែច្បាស់ថា អត្រាចាក់វ៉ាក់សាំងបង្ការក្នុងកម្រិតទាប មិនថានៅទីណានោះទេ អាចនឹងបង្កឱ្យវីរុសបំប្លែងថ្មីកើតឡើងជាបន្តបន្ទាប់ ហើយអាចចម្លងទៅដល់បណ្ដាប្រទេសនានា ទោះជាប្រទេសនោះ មានអត្រាចាក់វ៉ាក់សាំងខ្ពស់ ក៏ដោយ៕