(ប៉េកាំង)៖ វេលាម៉ោង១៦ និង៤៤នាទី កាលពីថ្ងៃទី៣ ខែធ្នូ (តាមម៉ោងក្រុងប៉េកាំង) មេដឹកនាំកំពូលរបស់ប្រទេសចិន និងឡាវបានប្រកាសដាក់ឱ្យដំណើរការផ្លូវដែកចិន-ឡាវ ជាផ្លូវការតាមរយៈប្រព័ន្ធវីដេអូ ក៏ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយលោក Thongloun Sisoulith ប្រធានរដ្ឋឡាវនៅថ្ងៃដដែលថា សុបិនរបស់ឡាវដែលចង់ក្លាយជា «ប្រទេសតភ្ជាប់នឹងដីគោក» ជិតក្លាយជាការពិតហើយ។

គម្រោងផ្លូវដែកចិន-ឡាវគឺជាអំណោយដ៏ថ្លៃថ្លានៃគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» ដែលប្រគល់ជូនប្រជាជនឡាវ។ នៅពេលមុននេះ ក្នុងដែនប្រទេសឡាវមានតែផ្លូវដែក ប្រវែង ៣.៥គីឡូម៉ែត្រ ដែលតភ្ជាប់ជាមួយប្រទេសថៃប៉ុណ្ណោះ។ ការដាក់ឱ្យប្រើប្រាស់ផ្លូវដែកចិន-ឡាវនេះដែលបានកសាងអស់រយៈពេល៥ឆ្នាំ និងមានប្រវែងសរុប ១,០៣៥គីឡួម៉ែត្រ នឹងកាត់បន្ថយរយៈពេលធ្វើដំណើរពីក្រុងវៀងចន្ទន៍រដ្ឋធានី ប្រទេសឡាវ ទៅដល់ព្រំដែនចិននិងឡាវពីរយៈពេលពីរថ្ងៃមកនៅត្រឹម ៣ម៉ោងតែប៉ុណ្ណោះ ពោលគឺអាចចេញពី ប្រទេសឡាវនៅពេលព្រឹក ទៅដល់ក្រុងគុនមីង(Kunming )ប្រទេសចិននៅពេលល្ងាច។

ប្រទេសឡាវក៏បានឈានចូលយុគសម័យរទេះភ្លើងល្បឿនលឿនតែម្តង។ ការដាក់ឱ្យប្រើប្រាស់ផ្លូវដែកចិន-ឡាវនេះ គឺបង្កប់អត្ថន័យយ៉ាងសំខាន់ ចំពោះការកែលម្អជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ វានឹងក្លាយជាផ្លូវដែកមួយដែលអាចបង្កើតឱកាសអភិវឌ្ឍន៍គ្មានដែនកំណត់។ ក្រៅពីផ្តល់ភាពងាយស្រួលដល់ប្រជាជន ក្នុងការធ្វើដំណើរ ផ្លូវដែកនេះក៏នឹងជំរុញការអភិវឌ្ឍធនធាន និងកិច្ចកសាងនគរូបនីយកម្មផ្នែកទេសចរណ៍ កសិកម្មនិងធារាសាស្ត្រជាដើមផងដែរ ដើម្បីជំរុញការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចដូចជាតំបន់អភិវឌ្ឍចម្រុះ Saysettha ក្រុងវៀងចន្ទន៍ និងតំបន់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច Mohan-Borten រវាងចិននិងឡាវជាដើម។

ក្នុងនាមជាផ្លូវដែកដ៏សំខាន់នៃផ្លូវដែកកាត់ទ្វីបអាស៊ី ផ្លូវដែកចិន-ឡាវក៏នឹងក្លាយជា «កូនសោមាស» សម្រាប់ឱ្យប្រទេសឡាវតភ្ជាប់ជាមួយប្រទេសចិនពីភាគខាងជើង និងតភ្ជាប់ ជាមួយប្រទេសអាស៊ាន ដូចជាថៃនិងម៉ាឡេស៊ីជាដើម ពីភាគខាងត្បូង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងមហាអនុតំបន់ ទន្លេមេគង្គ។ យកចរាចរណ៍ទំនិញជាឧទាហរណ៍ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ផ្លូវដែកចិន-ឡាវ ចំណាយថ្លៃដើមនៃចរាចរណ៍ទំនិញពីក្រុងវៀងចន្ទន៍ដល់ក្រុងគុនមិង នឹងកាត់បន្ថយពី ៤០ ដល់ ៥០ភាគរយ។

នៅពេលអនាគត «រថភ្លើងល្បឿនលឿនរបស់ចិន» នឹងជួយប្រជាជនកាន់តែច្រើនឡើងៗឱ្យទៅទស្សនាពិភពលោកខាងក្រៅ ហើយនឹងមានរឿងរ៉ាវអំពីការតភ្ជាប់ដួងចិត្តរបស់ ប្រជាជន និងផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះកាន់តែច្រើនកើតឡើងនៅតាមបណ្តោយ «ខ្សែក្រវាត់ និងផ្លូវ»ផងដែរ។ អ្វីទាំងអស់នេះសុទ្ធតែបានមកពីគោលបំណងដើមដែល ភាគីចិនរួមចំណែកផ្ដល់នូវផលិតផលសាធារណៈសកលនេះ ពោលគឺ ជំរុញការអភិវឌ្ឍជាមួយគ្នា ដើម្បីធ្វើឱ្យប្រជាជនកាន់តែច្រើនឡើងៗមានជីវភាពរស់នៅកាន់តែល្អប្រសើរ៕