(ញូដេលី)៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃចន្ទសប្ដាហ៍នេះដើម្បីជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បាន និងកំពុងធ្វើឱ្យគេគ្រប់គ្នានឹកឃើញដល់សម័យសង្រ្គាមត្រជាក់ ជាពេលដែលទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងញូដេលី មានភាពរ៉ឹងមាំជាងពេលណាៗ ទាំងអស់។

ទំនាក់ទំនងរវាងរុស្ស៊ី និងឥណ្ឌា នាពេលបច្ចុប្បន្ន ទោះជាមានភាពល្អប្រសើរនឹងគ្នាក៏ដោយ តែប្រទេសទាំង២ មានបញ្ហាប្រឈមជាច្រើនត្រូវដោះស្រាយ ជាពិសេសនោះគឺ ប្រយោជន៍ភូមិសាស្ត្រនយោបាយ ដែលកំពុងអូសទាញឥណ្ឌាឱ្យងាកទៅរកសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងឥទ្ធិពលចិនដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។ ដូច្នេះថាតើបញ្ហាទាំងនេះ ដែលរុស្ស៊ី និងឥណ្ឌាត្រូវដោះស្រាយ នឹងជះឥទ្ធិពលអ្វីខ្លះដល់តំបន់ និងនយោបាយសកល?

*ចិនជាដើមហេតុធ្វើឱ្យអាមេរិក និងឥណ្ឌា រត់រកគ្នា?

ការកើនឡើងនៃទំនាក់ទំនងកាន់តែល្អប្រសើរឡើងរវាងអាមេរិក និងឥណ្ឌា បានធ្វើឱ្យរុស្ស៊ីមិនសប្បាយចិត្តឡើយអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ បើតាមក្រុមអ្នកជំនាញចិនគឺជាដើមហេតុមួយដែលរុញឱ្យឥណ្ឌា រត់រកសហរដ្ឋអាមេរិក ហើយការចូលជាសមាជិកក្រុមប្រទេស Quad ជាមួយអាមេរិក អូស្ត្រាលី និងជប៉ុន បានបង្ហាញកាន់តែច្បាស់នៃ និន្នាការប្រឆាំងឥទ្ធិពលចិន គួបផ្សំរឿងជម្លោះព្រំដែនជាមួយចិនផងនោះ វាបានទុកចន្លោះទំនេរឱ្យទីក្រុងវ៉ាស៊ីនតោន លូកចាប់ដៃឥណ្ឌា។

ជាច្រើនឆ្នាំមកនេះ ដើម្បីរក្សាទំនាក់ទំនងល្អជាមួយឥណ្ឌា រុស្ស៊ីហាក់ដូចជាបានបើកភ្នែកម្ខាង បិទភ្នែកម្ខាង។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គៃ ឡារ៉ូវ (Sergei Lavrov) ក៏ធ្លាប់បង្ហាញពីការព្រួយបារម្ភផងដែរ នៅពេលឥណ្ឌាចូលរួមជាសមាជិក Quad។ Quad ធ្លាប់បានបញ្ជាក់ថាខ្លួនមិនមែនជាបក្សសម្ព័ន្ធយោធា ឬមានគោលដៅជាក់លាក់លើប្រទេស ណាមួយឡើយ តែលោក ឡារ៉ូវ មិនគិតដូច្នេះឡើយ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះធ្លាប់បានលើកឡើងថាលោកខាងលិចកំពុងព្យាយាមចូលរួមជាមួយឥណ្ឌា ដើម្បីប្រឆាំងនឹងចិន តាមរយៈយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។

ជាមួយគ្នាដែរ, បើតាមអតីតមន្ត្រីការទូតឥណ្ឌា លោក Anil Trigunayat ដែលធ្លាប់បម្រើការប្រចាំទីក្រុងម៉ូស្គូ ក៏បាននិយាយដែរថា Quad គឺជា «បន្ទាត់ក្រហម» មួយសម្រាប់រុស្ស៊ី ស្របពេលក្រុមអ្នកជំនាញជាច្រើនយល់ថាការប្រែប្រួលភូមិសាស្ត្រនយោបាយបច្ចុប្បន្ន អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងឥណ្ឌា និងរុស្ស៊ី។ គេអាចនិយាយឱ្យងាយ យល់ថាអាមេរិក និងឥណ្ឌា ខិតជិតគ្នាគឺដោយសារតែចិន រីឯរុស្ស៊ី និងចិន ខិតជិតគ្នាគឺដោយសារពួកគេមើលឃើញថាអាមេរិកជាសត្រូវរួម។

តែទោះជាបែបនេះក្ដី ចង់ ឬមិនចង់ ឥណ្ឌាត្រូវតែរក្សាទំនាក់ទំនងល្អជាមួយនឹងមហាអំណាចដូចជារុស្ស៊ី ហើយការទិញអាវុធពីរុស្ស៊ី អាចជាកិច្ចប្រឹងប្រែងមួយដែលទីក្រុងញូដេលី ចង់លួងចិត្តទីក្រុងម៉ូស្គូ និងប្រាប់ថារុស្ស៊ីនៅតែមានសារៈសំខាន់ចំពោះឥណ្ឌា។ ម្យ៉ាងវិញទៀត ឥណ្ឌា និងរុស្ស៊ី ក៏ជាសមាជិកសម្ព័ន្ធភាពមួយចំនួន Brics និងកិច្ចសហប្រតិបត្តិការ សៀងហៃជាដើម ដែលសុទ្ធសឹងតែផ្ដល់មធ្យោបាយឱ្យប្រទេសទាំង២ អាចធ្វើការងារជាមួយគ្នាបាន។

*ពាណិជ្ជកម្ម និងអាវុធ

នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ក្នុងទីក្រុងញូដេលី ការប្រគល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលឥណ្ឌាបញ្ជាទិញពីរុស្ស៊ី ក៏នឹងត្រូវបានលើកឡើងនៅក្នុង ជំនួបរវាងលោក ពូទីន និងលោក ម៉ូឌីផងដែរ។ ជាការពិតណាស់, ឥណ្ឌាកំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ដោយសាររឿងទិញ S-400 ពីរុស្ស៊ី ប៉ុន្តែ ដោយសារតែ ឥណ្ឌាមានសារៈសំខាន់បំផុតសម្រាប់យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេជឿជាក់ថាក៏មិនហ៊ានធ្វើអ្វីជ្រុលហួសដាក់ឥណ្ឌានោះទេ។

រុស្ស៊ីសម្លឹងឃើញការបង្កើនការនាំចេញអាវុធទៅកាន់ទីផ្សារឥណ្ឌា ហើយកិច្ចព្រមព្រៀងធំៗជាច្រើនអាចនឹងត្រូវបានប្រកាសក្រោយជំនួបរវាងលោក ពូទីន និងលោក ម៉ូឌី។

គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងឥណ្ឌា នៅតែស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។ ជាក់ស្ដែង កាលពីឆ្នាំ២០១៩ (មុន COVID-19 ផ្ទុះឡើង) ពាណិជកម្មទ្វេភាគីរវាង ប្រទេសទាំង២ មានទំហំ ១១ពាន់លានដុល្លារប៉ុណ្ណោះ ខណៈទំហំពាណិជ្ជកម្មរវាងអាមេរិក និងឥណ្ឌា មានរហូតដល់ទៅ១៤៦ពាន់លានដុល្លារឯណោះ ធៀបទៅនឹងរយៈពេល ដូចគ្នា។ ឥណ្ឌា និងរុស្ស៊ី មានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ៣០ពាន់លានដុល្លារ នៅដំណាច់ឆ្នាំ២០២៥ ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា រ៉ែ, ថាមពល, សន្តិសុខព័ត៌មានវិទ្យា, កសិកម្ម និងផ្លូវដែកជាដើម៕

 ប្រភព៖ BBC (ថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១)