(ឡុងដ៍)៖ គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ចំនួនករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron សរុបនៅចក្រភពអង់គ្លេស បានកើនឡើងដល់ ៣៣៦ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ៩០ករណីបន្ថែមទៀតត្រូវបានរកឃើញ ដែលកើនឡើងពី ៨៦ករណីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារសន្តិសុខសុខាភិបាលចក្រភពអង់គ្លេស (UKHSA) ក្នុងចំណោមករណីឆ្លងថ្មីៗចំនួន ៩០ករណីខាងលើ មាន ៦៤ករណី ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស (England), ២៣ករណីនៅក្នុងប្រទេសស្កុតឡែន (Scotland) និង០៣ករណីផ្សេងទៀត នៅក្នុងប្រទេសវេលស៍ (Wales) ខណៈប្រទេសអៀរឡង់ភាគខាងជើង (Northern Ireland) មិនទាន់រាយការណ៍ពីការរកឃើញករណីឆ្លង វីរុស COVID-19 បំប្លែងថ្មី Omicron ណាមួយទេ រហូតមកដល់ពេលនេះ។

គួរបញ្ជាក់ថា ការលេចឡើងនៃវីរុស COVID-19 បំប្លែងថ្មី Omicron បានជំរុញឱ្យចក្រភពអង់គ្លេស ដាក់ចេញនូវវិធានការរឹតត្បឹតលើ ការធ្វើដំណើរចូលមកក្នុងដែនដីរបស់ខ្លួន លើអ្នកដំណើរមកពីតំបន់ប៉ែកខាងត្បូងនៃទ្វីបអាហ្វ្រិកចំនួន ១០ ជាទីដែលវីរុសនេះ ត្រូវបានរកឃើញដំបូងគេនៅប្រទេសទាំងនោះ ខណៈមានក្ដីព្រួយបារម្ភថា វាកំពុងឆ្លងរីករាលដាលលឿនជាងវីរុស COVID-19 បំប្លែងថ្មី Delta ទៅទៀត៕