(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលបានស្បថឡើងកាន់តំណែង កាលពីខែមករា ឆ្នាំ២០២១ នឹងបង្ហាញស្នាដៃដ៏លេចធ្លោដំបូងមួយលើឆាកអន្តរជាតិ តាមរយៈការធ្វើជាប្រធាននៃ «កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ» ដែលនឹងមានប្រទេសជាង ១០០ ចូលរួមតាមរយៈប្រព័ន្ធវីដេអូអនឡាញ ចំពោះមុខការប្រឆាំង និងរិះគន់ធ្ងន់ៗ ពីសំណាក់ប្រទេសចិន និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

នៅចំពោះមុខកិច្ចប្រជុំ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) លោកស្រី អ៊ូស្រា ហ្ស៊ីយ៉ា (Uzra Zeya) អនុរដ្ឋមន្ត្រីអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខស៊ីវិល, ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានថ្លែងយ៉ាងដូច្នេះថា «សូមកុំយល់ច្រឡំ... យើងកំពុងស្ថិតនៅក្នុងពេលវេលា នៃការធ្វើតេស្តតាមបែបប្រជាធិបតេយ្យ។ គ្មានអ្វីជាអាថ៌កំបាំងនោះទេ ព្រោះប្រជាធិបតេយ្យនៅជុំវិញពិភពលោក កំពុងប្រឈមនឹងការប្រកួតប្រជែង ចំពោះការគំរាមកំហែងទាំងថ្មី និងចាស់។ បណ្តាប្រទេសគ្រប់តំបន់នៃពិភពលោក សុទ្ធតែធ្លាប់បានជួបប្រទះ កម្រិតនៃការដួលរលំប្រជាធិបតេយ្យ»

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ ដែលនឹងមានរយៈពេល ២ថ្ងៃខាងលើនេះ នឹងក្លាយជាវេទិកាដែលសហរដ្ឋអាមេរិក ស្វាគមន៍វត្តមានថ្នាក់ដឹកនាំប្រទេសជាង ១០០ នៅលើពិភពលោក បូករួមទាំងក្រុមអង្គការក្រៅរដ្ឋាភិបាល, អាជីវកម្មឯកជន អង្គការសប្បុរសធម៌ និងស្ថាប័ននីតិប្បញ្ញត្តិជាដើម។

យ៉ាងណាក៏ដោយ កិច្ចប្រជុំខាងលើនេះ បានប្រឈមនឹងការរិះគន់ធ្ងន់ៗរួចទៅហើយ ពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ជាពិសេសចំពោះបញ្ជីឈ្មោះប្រទេស ដែលត្រូវបានសហរដ្ឋអាមេរិកគិតគូរ និងអញ្ជើញឲ្យចូលរួមដោយខ្លួនឯងនោះតែម្តង។ ប្រទេសចិន និងរុស្ស៊ី ដែលជាអ្នកជំទាស់យ៉ាងខ្លាំងក្លាចំពោះកិច្ចប្រជុំខាងលើនេះ បានលើកឡើងរួមគ្នាថា «គ្មានប្រទេសណាមួយ ដែលមានសិទ្ធិប្រើម៉ែត្ររបស់ខ្លួនឯង មកវាស់វែងទិដ្ឋភាពនយោបាយដ៏ធំទូលាយ និងចម្រុះ នៃពិភពលោកទាំងមូលនេះបានឡើយ»