(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២៧,៤១១នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៣២៤នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥០,៤២២,៤១០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨១៣,៩០៤នាក់ និងជាសះស្បើយឡើងសរុប ៣៩.៨១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងនៃសហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានថ្លែងនៅក្នុងសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា បើតាមលទ្ធផលតាមដានបឋម អាចឲ្យយើងសន្និដ្ឋានបានថា វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) មិនអាក្រក់ ឬខ្លាំងដូចវីរុសបំប្លែងខ្លួន Delta ដែលកំពុងវាយលុកយ៉ាងដំណំ នៅទូទាំងសហរដ្ឋអាមេរិកនោះឡើយ ខណៈការកាត់សេចក្តីពិតប្រាកដ អំពីភាពធ្ងន់ធ្ងររបស់វា នឹងត្រូវការពេលពីរទៅបីសប្តាហ៍ទៀត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៧៣លានដូស ក្នុងនោះប្រជាជន ២៣៦.៣៦លាននាក់ (៧១.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៨.១៥លាននាក់ (៦០.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៤៧.៧៨លាននាក់ (១៤.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕